មហាសេដ្ឋីមានបំផុតទាំង១០ នៅសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា បានបន្ថែមចំនួនទឹកប្រាក់រហូតដល់ទៅ ៦៩៨ពាន់លានដុល្លារ ទៅក្នុងទ្រព្យសម្បត្តិសរុបរបស់ពួកគេ កាលពីឆ្នាំមុន។

យោងតាមរបាយការណ៍របស់ Oxfam ដែលជាសម្ព័ន្ធអន្តរជាតិនៃអង្គការមិនមែនរដ្ឋាភិបាល បានបង្ហាញឲ្យដឹងថា ជាមធ្យម មហាសេដ្ឋីម្នាក់របស់អាមេរិក បានបន្ថែមចំនួនទ្រព្យសម្បត្តិរបស់ពួកគេចំនួន ៦៩,៨ពាន់លានដុល្លារ កាលពីឆ្នាំមុន ពោលគឺច្រើនជាង ៤៣៣ ៦០០ ដងនៃអ្វីដែលគ្រួសារអាមេរិកធម្មតា អាចរកបាន។
គួរឲ្យដឹងថាជនជាតិអាមេរិកដែលមានជាងគេបំផុតទាំង១០ រូបភាគច្រើនស្ថិតនៅក្នុងវិស័យបច្ចេកវិទ្យា ដោយទទួលបានប្រាក់ចំណេញពីការរីកចម្រើននៃបញ្ញាសិប្បនិម្មិត និងការច្នៃប្រឌិតឌីជីថល។
បញ្ជីនេះរួមមានបុរសដែលមានជាងគេបំផុតរបស់ពិភពលោក Elon Musk ដែលត្រូវបានគេរំពឹងថានឹងក្លាយជាមហាសេដ្ឋីលុយទ្រីលានដុល្លារដំបូងគេក្នុងប្រវត្តិសាស្ត្រផងដែរ។
យ៉ាងណាមិញចំពោះអ្នកផ្សេងទៀតនៅក្នុងបញ្ជីនេះ គឺសហស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison ស្ថាបនិក Amazon លោក Jeff Bezos លោក Larry Page និង Sergey Brin សហស្ថាបនិករបស់ Google មេធំក្រុមហ៊ុន Meta លោក Mark Zuckerberg នាយកប្រតិបត្តិ Nvidia លោក Jensen Huang អតីតនាយកប្រតិបត្តិ Microsoft លោក Steve Ballmer និងស្ថាបនិកក្រុមហ៊ុន Dell លោក Michael Dell។
ជម្រាបជូនផងដែរថា ខណៈពេលដែលអ្នកមានកាន់តែមាន អង្គការ Oxfam បានរាយការណ៍ថា ជនជាតិអាមេរិកជាង ៤០% រួមទាំងកុមារជិតពាក់កណ្តាលនៃកុមារសរុបទាំងអស់ រស់នៅក្នុងគ្រួសារក្រីក្រ ឬមានប្រាក់ចំណូលទាប៕

