យោងតាមការស្ទង់មតិឯកជនមួយបានបង្ហាញឲ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆិកាថា ការលក់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន បានកើនឡើង ២២% ក្នុងរយៈពេលមួយមួយខែ បើធៀបទៅនឹងកម្រិតដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីក្រុមហ៊ុនប្រកាសចេញម៉ូដែលចុងក្រោយ iPhone 17។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

បើតាមក្រុមហ៊ុនស្រាវជ្រាវ Counterpoint បានបង្ហាញឲ្យដឹងទៀតថា ទូរស័ព្ទស៊េរីថ្មីនេះ បានជំរុញឲ្យការលក់ស្មាតហ្វូនភាគច្រើនរបស់ Apple នៅក្នុងប្រទេសចិន មានការហក់ឡើងខ្ពស់ គិតនៅក្នុងរយៈពេល ចាប់តាំងពីការប្រកាសចេញលក់លើកដំបូង កាលពីថ្ងៃទី១៩ ខែកញ្ញា។
គួរឲ្យដឹងថា ការចេញលក់ iPhone 17 បានទាក់ទាញមនុស្សរាប់រយនាក់ ឲ្យទៅចាប់កាន់ប៉ះផ្ទាល់ទូរស័ព្ទលំដាប់កំពូលរបស់ Apple នៅទីក្រុងប៉េកាំង នៅថ្ងៃចេញលក់ដំបូង ដែលជាសញ្ញានៃការចាប់អារម្មណ៍របស់ពលរដ្ឋចិន សម្រាប់ម៉ាកយីហោនេះ ទោះបីជាមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីបណ្តាក្រុមហ៊ុនក្នុងស្រុក Xiaomi និង Huawei ក៏ដោយ។
ជម្រាបជូនផងដែរថា ទីផ្សារស្មាតហ្វូនរបស់ប្រទេសចិននៅតែខ្សោយក្នុងចំណោមតម្រូវការអ្នកប្រើប្រាស់ដែលមានការថយចុះ ដោយការលក់នៅត្រីមាសទីបីបានធ្លាក់ចុះ ២,៧% ធៀបនឹងឆ្នាំមុន៕

