សហរដ្ឋអាមេរិក និងប្រទេសស្វីស ថ្មីៗនេះទើបតែបានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីចុងក្រោយបំផុតមួយ ដោយពន្ធនាំចូល ត្រូវបានកាត់បន្ថយពី ៣៩% មកនៅត្រឹម ១៥% ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

កាលពីចុងសប្តាហ៍មុន តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បានប្រាប់ទៅកាន់ CNBC ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយត្រូវបានសម្រេចជាមួយប្រទេសស្វីសរួចរាល់ហើយ។ លោកបានមានប្រសាសន៍ទៀតថា៖ “ពួកគេនឹងនាំចូលយកផលិកម្មជាច្រើនមកកាន់សហរដ្ឋអមាេរិក ដោយរាប់ចាប់ពីឱសថ រហូតដល់ការចម្រាញ់មាស និងឧបករណ៍សង់ផ្លូវដែកផងដែរ”។
យ៉ាងណាមិញ នៅថ្ងៃដដែលនោះ ក្នុងការបង្ហោះសារមួយនៅបណ្តាញសង្គម X រដ្ឋាភិបាលស្វីស បាននិយាយថា ពន្ធចូលទៅកាន់សហរដ្ឋអាមេរិក នឹងត្រូវកាត់បន្ថយពី ៣៩% មកនៅត្រឹម ១៥% វិញ។
មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចស្វីសក្រោយមកបានបង្ហាញទៀតថា ក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសរបស់ខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន ២០០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក នៅឆ្នាំ២០២៨។ ហើយការវិនិយោគធំបំផុតនឹងស្ថិតនៅក្នុងវិស័យឱសថ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ។
ជម្រាបជូនផងដែរថា កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនឱសថខ្នាតយក្សរបស់ស្វីស Roche បានសន្យាថានឹងវិនិយោគទឹកប្រាក់ចំនួន ៥០ពាន់លានដុល្លារ នៅលើទឹកដីសហរដ្ឋអាមេរិក៕

