លោកស្រី Cathy Ying Zhang ភរិយារបស់មហាសេដ្ឋិបច្ចេកវិទ្យាកំពូលរបស់ចិន Jack Ma បានទិញយកអគារអតីតស្ថានទូតអ៊ីតាលីមួយ នៅចំណកណ្តាលទីក្រុងឡុងដ៏ ក្នុងតតម្លៃ ១៩,៥លានផោន ឬស្មើនឹង ២៥,៧លានាដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

លោកស្រី Zhang ដែលបានរៀបការជាមួយស្ថាបនិកក្រុមហ៊ុន Alibaba បានសម្រេចចិត្តទិញយកផ្ទះនេះ តាំងពីចុងខែតុលាមកម្លេះ ដោយអចលនទ្រព្យនេះ ធ្លាប់ជាកម្មសិទ្ធិរបស់រដ្ឋាភិបាលអ៊ិតាលី លោក Benito Mussolini ដែលបានទិញយកវា នៅក្នុងអំឡុងឆ្នាំ១៩២៣។
ក្រោយមកវិឡានេះ ត្រូវបានប្រើប្រាស់ជាការិយាល័យអនុព័ន្ធការពារជាតិអ៊ីតាលី នៅពេញមួយសតវត្សទី២០ ហើយត្រូវបានបានលក់ដោយរដ្ឋាភិបាលអ៊ីតាលី នៅដើមទសវត្សឆ្នាំ២០០០។ អចលនទ្រព្យនេះ មានទំហំ ៧ ៩៤៨ ហ្វីតការ៉េ ហើយត្រូវបានផ្លាស់ប្តូរទៅជាលំនៅដ្ឋានប្រណីត ដែលមានរោងកុន ជណ្តើរយន្ត និងបន្ទប់គេងរហូតដល់ទៅ ៦។
ជម្រាបជូនថា ការទិញយកនេះ គឺជាការបន្ថែមចំនួនអចលនទ្រព្យនៅបរទេសជាច្រើនផ្សេងទៀត របស់ប្តីប្រពន្ធមួយគូនេះ។ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក Ma ភាគច្រើនតែងតែរស់នៅនៅឆ្ងាយពីក្រសែភ្នែករបស់សាធារណជន ដោយចំណាយពេលភាគច្រើនរបស់លោក នៅក្រៅប្រទេស រួមទាំងការរស់នៅមួយរយៈពេលចុងក្រោយ ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ផងដែរ។ នេះបើយោងតាមកាសែត The Financial Times៕

