យោងតាមសមាគមកាហ្វេ-កាកាវវៀតណាម បានព្យាករថា ការនាំចេញការហ្វេរបស់ខ្លួនអាចលើសពី ៨ពាន់លានដុល្លារ ពោលគឺលើសពីចំនួនគោលដៅ ៦ពាន់លានដុល្លារ ដែលបានកំណត់សម្រាប់ឆ្នាំ២០៣០។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សមាគមបាននិយាយទៀតថា ការព្យាករនេះ គឺផ្អែកទៅលើកត្តាសំខាន់ៗចំនួនបី រួមមាន គុណភាពផលិតផលមានភាពប្រសើរឡើង សមាមាត្រកើនឡើងនៃផលិតផលកែច្នៃ និងការពង្រីកទីផ្សារដោយផ្អែកលើផែនការយុទ្ធសាស្រ្តរយៈពេលវែង។
ទន្ទឹមនឹងនេះ ក្រសួងកសិកម្ម និងបរិស្ថានបានរាយការណ៍ថា វៀតណាមបាននាំចេញកាហ្វេចំនួន ១,៣ លានតោនក្នុងតម្លៃ ៧,៤១ពាន់លានដុល្លារ ក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំនេះ ដែលជាកំណើនដ៏ខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។
ជាមួយគ្នានេះ ការដឹកជញ្ជូនទៅកាន់ទីផ្សារជាច្រើនក៏បានឃើញពីកំណើនគួរឱ្យកត់សម្គាល់ផងដែរ ដោយក្នុងនោះការនាំចេញទៅកាន់ប្រទេសម៉ិកស៊ិក ដែលចាទីផ្សារធំបំផុតមួយ បានកើនឡើងដល់ ៣៤,៧ ដង។
ជម្រាបជូនថា ដោយសារការផ្គត់ផ្គង់ទូទាំងពិភពលោកមានការថយចុះ និងតម្រូវការបន្តកើនឡើង តម្លៃកាហ្វេបានកើនឡើងយ៉ាងខ្លាំង ដែលជំរុញឱ្យប្រាក់ចំណូលពីការនាំចេញកាហ្វេរបស់វៀតណាម ឈានដល់កម្រិតកំណត់ត្រាបែបនេះ៕

