សហរដ្ឋអាមេរិក បានអនុុម័តសេចក្តីព្រាងច្បាប់បែងចែកថវិកាការពារជាតិចំនួន ៩០១ពាន់លានដុល្លារ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន និងកំពុងរៀបចំដើម្បីផ្ញើទៅកាន់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដើម្បីចុះហត្ថលេខាបន្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP ។

សេចក្តីព្រាងច្បាប់អនុញ្ញាតការពារជាតិ (NDAA) សម្រាប់ឆ្នាំសារពើពន្ធ ២០២៦ ដែលគូសបញ្ជាក់ពីគោលនយោបាយប្រតិបត្តិការរបស់មន្ទីរបញ្ចកោណ និងបែងចែកថវិកាចំនួន ៩០១ពាន់លានដុល្លារ ត្រូវបានព្រឹទ្ធសភាសហរដ្ឋអាមេរិក យល់ព្រមអនុម័ត នៅថ្ងៃទី១៧ ខែធ្នូ ដោយមានសំឡេងគាំទ្រ ៧៧ និងប្រឆាំង ២២ ។
មិនតែប៉ុណ្ណោះ NDAA សម្រាប់ឆ្នាំសារពើពន្ធ២០២៦ នេះ នឹងបង្កើនប្រាក់ខែដល់ទាហាន ៤% បន្ថែមទៀត ក៏ដូចជាផ្តល់មូលនិធិសម្រាប់ការផ្គត់ផ្គង់ឧបករណ៍យោធា និងគាំទ្រកិច្ចខិតខំប្រឹងប្រែងផ្សេងទៀតដែលមានគោលបំណងបង្កើនការប្រកួតប្រជែងប្រឆាំងនឹងគូប្រជែងដូចជារុស្ស៊ី និងចិន ជាដើម។
សេចក្តីព្រាងច្បាប់នេះក៏រួមបញ្ចូលបទប្បញ្ញត្តិជាច្រើនសម្រាប់ពង្រឹងសន្តិសុខនៅអឺរ៉ុបផងដែរ បើទោះបីជាលោកប្រធានាធិបតី លោក ត្រាំ ធ្លាប់បានរិះគន់យ៉ាងខ្លាំងចំពោះសម្ព័ន្ធមិត្ត នៅក្នុងតំបន់នេះ ជុំវិញយុទ្ធសាស្ត្រសន្តិសុខជាតិរបស់លោកដែលបានចេញផ្សាយកាលពីដើមខែនេះក៏ដោយ។
ជម្រាបជូនថា NDAA គឺជាឯកសារនីតិបញ្ញត្តិមួយក្នុងចំណោមឯកសារនីតិបញ្ញត្តិដែលត្រូវបានអនុម័តជារៀងរាល់ឆ្នាំដោយសភាសហរដ្ឋអាមេរិកគិតចាប់តាំងពីទសវត្សឆ្នាំ១៩៦០ មក ដែលឆ្លុះបញ្ចាំងពីការផ្តោតអារម្មណ៍នៃគោលនយោបាយការពារជាតិ និងការបែងចែកថវិកាសម្រាប់ការផ្គត់ផ្គង់ឧបករណ៍ដោយមន្ទីរបញ្ចកោណ៕

