រដ្ឋាភិបាលរបស់ប្រទេសចិន កាលពីពេលថ្មីៗនេះ បាននិយាយថា ផែនការដាក់ពង្រាយមីស៊ីលរបស់ជប៉ុន ទៅកាន់កោះដែលនៅក្បែរតៃវ៉ាន់ គឺជាការប៉ុនប៉ងបង្កើតភាពតានតឹងក្នុងតំបន់ និងបង្កឲ្យមានការប្រឈមមុខដាក់គ្នាខាងផ្នែកយោធា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងថា៖” កងកម្លាំងស្តាំនិយមកំពុងនាំប្រទេសជប៉ុន និងតំបន់ទៅរកគ្រោះមហន្តរាយ។ នេះគឺជាការប៉ុនប៉ងដែលបានគ្រោងទុកដើម្បីបង្កើតភាពតានតឹងនៅក្នុងតំបន់ និងបង្កឲ្យមានការប្រឈមមុខដាក់គ្នាខាងយោធា”។
យ៉ាងណាមិញ ជុំវិញសេចក្តីថ្លែងការណ៍នេះ បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិប៉ុន លោក Shinjiro Koizumi បាននិយាយកាលពីថ្ងៃទី២៣ ខែវិច្ឆិកាថា ទីក្រុងតូក្យូកំពុងមានគម្រោងដាក់ពង្រាយមីស៊ីលការពារដែនអាកាសរយៈចម្ងាយមធ្យម ទៅលើកោះយ៉ូណាហ្គូនី ដែលជាកោះស្ថិតនៅភាគខាងត្បូងបំផុតរបស់ប្រទេស ហើយមានចម្ងាយប្រហែល ១១០ គីឡូម៉ែត្រភាគខាងកើតនៃទឹកដីកោះតៃវ៉ាន់ ចំពេលកំពុងមានភាពតានតឹងកើនឡើងជាមួយប្រទេសចិន។
មិនតែប៉ុណ្ណោះ លោក Koizumi បានមានប្រសាសន៍ថា ៖”ការសម្រេចចិត្តដាក់ពង្រាយមីស៊ីលទាំងនេះ គឺអាចជួយកាត់បន្ថយហានិភ័យនៃការវាយប្រហារប្រដាប់អាវុធលើប្រទេសរបស់យើងបាន”។
ប៉ុន្តែជុំវិញបញ្ហានេះ បើតាមលោកស្រី Moa Ning បាននិយាយថា ទង្វើរបស់ជប៉ុននេះ គឺមានភាពគ្រោះថ្នាក់ខ្លាំងណាស់ ហើយនឹងបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រទេសជិនខាង ក៏ដូចជាសហគមន៍អន្តរជាតិ។
ជម្រាបជូនថា ប្រទេសចិន និងជប៉ុនកំពុងស្ថិតក្នុងវិបត្តិការទូតដ៏ធ្ងន់ធ្ងរបំផុតរបស់ពួកគេ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោក ស្រី Sanae Takaichi បាននិយាយថា ក្នុងករណីមានការវាយប្រហារលើតៃវ៉ាន់ ទីក្រុងតូក្យូអាចដាក់ពង្រាយកងកម្លាំងការពារជាតិខ្លួនរបស់ខ្លួន ប្រសិនបើជម្លោះនេះបានបង្កការគំរាមកំហែងដល់ប្រទេសជប៉ុន៕

