ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាសហរដ្ឋអាមេរិក នឹងឈប់ជាអចិន្រៃយ៍លើការទទួលយកជនអន្តោប្រវេសន៍មកពីប្រទេសលោកទីបី ឬប្រទេសដែលមានខឿនសេដ្ឋកិច្ចទន់ខ្សោយ បន្ទាប់ពីមានករណីជនអន្តោប្រវេសន៍ បាញ់ប្រហារលើទាហានឆ្មាំជាតិអាមេរិក នាពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Socail របស់ខ្លួនថា៖” ខ្ញុំនឹងផ្អាកជាអចិន្រៃយ៍នូវការធ្វើអន្តោប្រវេសន៍ពីប្រទេសលោកទីបីទាំងអស់ ដើម្បីអនុញ្ញាតឲ្យអាមេរិក មានភាពប្រសើរឡើងវិញយ៉ាងពេញលេញ”។ ប្រទេសលោកទីបី គឺជាពាក្យដែលលោក ត្រាំ ប្រើសំដៅទៅលើប្រទេសកំពុងអភិវឌ្ឍ ដែលប្រជាជនក្នុងប្រទេសនោះភាគច្រើនមានកម្រិតជីវភាពទាប និងក្រីក្រ។
ជាមួយគ្នានោះ លោក ត្រាំ ក៏បានគំរាមផងដែរថា នឹងលុបចោលពាក្យសុំធ្វើអន្តោប្រវេសន៍រាប់លាន ដែលធ្លាប់បានផ្តល់ឲ្យនៅក្រោមការដឹកនាំរបស់អតីតប្រធានាធីបតី ចូ បៃដិន ហើយនិងបណ្តេញចេញនូវជនអន្តោប្រវេសន៍ណាមួយ ដែលមិនបានផ្តល់ជាផលប្រយោជន៍ ឬស្រលាញ់អាមេរិក។
ជម្រាបជូនថា ការប្រកាសរបស់លោក ត្រាំ នេះ គឺជាសញ្ញាថ្មីចុងក្រោយមួយ នៅក្នុងគោលនយោបាយប្រឆាំងអន្តោប្រវេសន៍របស់លោក ដោយសន្យាថានឹងចាត់វិធានការដើម្បីកាត់បន្ថយចំនួនជនអន្តោប្រវេសន៍ខុសច្បាប់ និងជនបង្កបញ្ហាខ្លាំងដល់សហរដ្ឋអាមេរិក៕

