យន្តហោះមួយគ្រឿង ត្រូវបង្ខំចិត្តចុះចតបន្ទាន់ នៅភូកេត ក្រោយរងការគម្រាមបំផ្ទុះគ្រាប់បែក

អន្តរជាតិ

ជើងហោះហើររបស់ក្រុមហ៊ុន Air India ពីខេត្តភូកេត ប្រទេសថៃ ទៅកាន់រដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា ត្រូវបង្ខំចិត្តហោះត្រលប់បកក្រោយ និងធ្វើការចុះចតជាបន្ទាន់ បន្ទាប់ពីអ្នកបើកយន្តហោះ បានរាយការណ៍ពីការគម្រាមបំផ្ទុះគ្រាប់បែក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីហោះហើរចេញពីអាកាសយានដ្ឋានភូកេត នៅម៉ោង ៩ និង ៣០ នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនានេះ អ្នកបើកយន្តហោះរបស់ក្រុមហ៊ុន Air India សម្រាប់ជើងហោះហើរ AI379 បានជូនដំណឹងភ្លាមៗ ដល់អ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស អំពីការគំរាមកំហែងបំផ្ទុះគ្រាប់បែក នៅលើយន្តហោះ។

បន្ទាប់មក អាជ្ញាធរអាកាសយានដ្ឋានភូកេត បានដំណើរការផែនការកំណត់ពេលផ្ទុះគ្រាប់បែក ដោយអនុញ្ញាតឲ្យយន្តហោះ ហោះវិលជុំវិញ និងធ្វើការចុះចតជាបន្ទាន់។ យន្តហោះនេះ បានហោះឆ្វែលជារង្វាង់ នៅជុំវិញសមុទ្រ Andaman មុនពេលចុះចត នៅលើកោះភាគខាងត្បូងប្រទេសថៃ។

យ៉ាងណាមិញ មន្ត្រីអាកាសយានដ្ឋានបាននិយាយថា អ្នកដំណើរទាំង ១៥៦នាក់ ត្រូវបានជម្លៀសចេញពីយន្តហោះ តាមនីតិវិធីសង្គ្រោះបន្ទាន់ ដោយមិនបានផ្តល់ព័ត៌មានលម្អិតអ្វីបន្ថែមទៀតនោះទេ។

ទន្ទឹមនឹងនេះ យោងតាមកាសែត Hindustan Times បានរាយការណ៍ដោយដកស្រង់ចេញពីប្រភពនានាថា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញក្រដាសមួយ ដោយភ្ជាប់មកជាមួយសារគម្រាមបំផ្ទុះគ្រាប់បែកនៅលើយន្តហោះ ប៉ុន្តែគ្មានគ្រាប់បែកណាមួយ ត្រូវបានរកឃើញនោះទេ បន្ទាប់ពីមានការស្រាវជ្រាវបឋម។

ជម្រាបជូនផងដែរថា ឧប្បត្តិហេតុនៅភូកេតនេះ បានកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីជើងហោះហើររបស់ក្រុមហ៊ុន Air India AI171 បានធ្លាក់ភ្លាមៗ ក្រោយពីការហោះហើរឡើងបានតែបន្តិច នៅក្នុងទីក្រុង Ahmedabad ប្រទេសឥណ្ឌា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៦៥នាក់៕