Apple បានដណ្តើមយកតំណែងជាក្រុមហ៊ុនស្មាតហ្វូនកំពូលនៅក្នុងទីផ្សារប្រទេសចិនសារជាថ្មី កាលពីសប្តាហ៍មុន ជាមួយនឹងចំណែកទីផ្សារសរុប ២១,៥% បន្ទាប់ពីបានណែនាំចេញផែនការបញ្ចុះតម្លៃដ៏ច្រើនរហូតដល់ ៣៥០ដុល្លារ លើទូរស័ព្ទ iPhone របស់ខ្លួន។

យោងតាមគេហទំព័របច្ចេកិវិទ្យា PhoneArena បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិក បានព្យាយាមផ្តល់ជូននូវការលក់បញ្ចុះតម្លៃលើផលិតផលរបស់ខ្លួន ដើម្បីទទួលបានសន្ទុះឡើងវិញ បន្ទាប់ពីបានបាត់បង់តំណែងកំពូលទៅឲ្យដៃគូប្រកួតប្រជែងក្នុងស្រុក ដូចជា Huawei និង Xiaomi អស់រយ:ពេលជាច្រើនខែកន្លងមកនេះ។
ទន្ទឹមនឹងនេះ យោងតាមវេទិកាលក់ទំនិញអនឡាញ JD.com បានបង្ហាញឲ្យដឹងថា ចំពោះទូរស័ព្ទ iPhone 16 Pro (ទំហំផ្ទុក 128GB) ត្រូវបានដាក់លក់នៅក្នុងតម្លៃត្រឹម ៥ ៤៦៩យ៉ន់ (៧៥៩ដុល្លារ) ប៉ុណ្ណោះ ដែលជាការលក់បញ្ចុះតម្លៃរហូតដល់ទៅ ៣៥០ដុល្លារ ពីតម្លៃផ្លូវការរបស់ Apple ។
ជុំវិញយុទ្ធសាស្រ្តនេះ ហាក់ទទួលបានផលចំណេញច្រើនសម្រាប់ Apple ដោយយោងតាម PhoneArena បានបង្ហាញឲ្យដឹងថា ទូរស័ព្ទ iPhone 16 Pro ចំនួនជាង ៥២០ ០០០ គ្រឿង និងម៉ូដែល 16 Pro Max ចំនួន ៣២០ ០០០ គ្រឿង ត្រូវបានលក់ចេញ ក្នុងរយ:ពេលត្រឹមតែមួយសប្តាហ៍។
ជម្រាបជូនផងដែរថា ចំណែកទីផ្សាររបស់ Apple នៅក្នុងប្រទេសចិន បានទទួលរងសម្ពាធយ៉ាងខ្លាំង ពីសំណាក់ម៉ាកយីហោក្នុងស្រុក ដែលបានផ្តល់មកនូវបច្ចេកវិទ្យាទំនើបៗ និងតម្លៃទាបជាង។ ជាមួយគ្នានេះមុខងារចុងក្រោយបអង្អស់របស់ក្រុមហ៊ុន Apple គឺ Apple Intelligence ក៏នៅតែមិនទាន់អាចដាក់ឲ្យដំណើរការបាននៅក្នុងទីផ្សារប្រទេសចិននៅឡើយនោះទេ ដោយសារវាត្រូវបានរឹតត្បិត ពីសំណាក់រដ្ឋាភិបាល៕

