មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក ថ្មីៗនេះ បានបង្ហាញការជឿជាក់ថា សហរដ្ឋអាមេរិកត្រូវទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា AI និងមនុស្សយន្ត ដើម្បីដោះស្រាយបញ្ហាបំណុលសាធារណៈដ៏ច្រើនលើសលប់ ពីព្រោះថាការអនុវត្តបច្ចេកវិទ្យាទាំងនេះ អាចនាំឲ្យមានបរិត្តផរណាវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fortune។

នៅក្នុងអំឡុងកិច្ចសន្ទនាជាមួយអ្នកវិនិយោគ Nikhil Kamath កាលពីថ្ងៃទី៣០ ខែវិច្ឆិកាកន្លងទៅ លោក Musk បានលើកឡើងថា បំណុលសាធារណៈរបស់អាមេរិកបច្ចុប្បន្ននេះគឺមានចំនួនច្រើនហួសហេតុ។ លោកថែមទាំងបានកត់សម្គាល់ឃើញទៀតថា ការទូទាត់អត្រាការប្រាក់នៃបំណុលទាំងនោះ គឺខ្ពស់ជាងថវិកាយោធារបស់សហរដ្ឋអាមេរិកទៅទៀត ហើយវានឹងនៅតែបន្តកើនឡើងក្នុងរយៈពេលដ៏ខ្លីខាងមុខ។
បើតាមក្រសួងរតនាគារសហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថា បំណុលជាតិអាមេរិក បានឈានដល់ ៣៨,៣៤ទ្រីលានដុល្លារ គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ពោលគឺច្រើនជាងពីរដងនៃកម្រិតកាលពីពីមួយទសវត្សមុន។ ជុំវិញបញ្ហានេះ លោក Musk បានបង្ហាញការជឿជាក់ថា ការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) និងមនុស្សយន្ត គឺអាចជាមធ្យោបាយតែមួយគត់ សម្រាប់សហរដ្ឋអាមេរិក ដើម្បីគេចផុតពីវិបត្តិបំណុលបច្ចុប្បន្ន។
មិនតែប៉ុណ្ណោះ លោក Musk បានពន្យល់ទៀតថា អតិផរណា ឬបរិត្តផរណា គឺជាអត្រាដែលទំនិញ និងសេវាកម្មត្រូវបានផលិត បើប្រៀបធៀបទៅនឹងការផ្លាស់ប្តូរនៅក្នុងការផ្គត់ផ្គង់ប្រាក់។ លោកបន្តអះអាងទៀតថា នៅពេលដែលបញ្ញាសិប្បនិម្មិត (AI) និងមនុស្សយន្តត្រូវបានដាក់ពង្រាយយ៉ាងទូលំទូលាយ ពួកវានឹងបង្កើតការកើនឡើងនៃទិន្នផល ដែលអាចនាំឲ្យមានបរិត្តផរណាជំនួសវិញ។ បរិត្តផរណា គីជាការធ្លាក់ចុះនៃថ្លៃទំនិញ និងសេវាកម្ម៕

