អាជីវកម្មធំៗជាច្រើនរបស់សហរដ្ឋអាមេរិក បានប្រកាសពីផែនការកាត់បន្ថយកម្លាំងការងារដល់ជាង ១,១ លានកន្លែង នៅក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំនេះ ដោយសារតែការរៀបចំរចនាសម្ព័ន្ធឡើងវិញ កត្តាបច្ចេកវិទ្យា AI និងបញ្ហាពន្ធនាំចូលជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

ក្រុមហ៊ុនប្រឹក្សាយោបល់ Challenger , Gray & Christmas បានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃទី៤ ខែធ្នូ ដោយបានបង្ហាញថា គិតនៅក្នុងខែវិច្ឆិកា អាជីវកម្មនៅអាមេរិក បានប្រកាសពីកាត់បន្ថយបុគ្គលិកសរុបចំនួន ៧១ ៣២១ នាក់។ ចំនួននេះគឺជាការថយចុះយ៉ាងខ្លាំង បើធៀបទៅនឹងការកាត់បន្ថយចំនួន ១៥៣ ០០០ នាក់ នៅក្នុងខែតុលា។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការកាត់បន្ថយចំនួនការងារសរុបនៅឆ្នាំនេះ ត្រូវបានគេព្យាករថានឹងកើនឡើងដល់ ១,១៧ លាននាក់ ពោលគឺជាចំនួនដ៏ខ្ពស់បំផុត គិតចាប់តាំងពីឆ្នាំ២០២០ មក។
ជម្រាបជូនផងដែរថា ការកើនឡើងនៃបញ្ញាសិប្បនិម្មិត (AI) ត្រូវបានលើកឡើងថាជាមូលហេតុដ៏ចម្បងបំផុតមួយនៃការឲ្យមនុស្សបាត់បង់ការងារជិត ៥៥ ០០០ កន្លែងនៅឆ្នាំនេះ។ មិនតែប៉ុណ្ណោះ ចំពោះហេតុផលទូទៅផ្សេងទៀតរួមមានពន្ធនាំចូល ការរៀបចំរចនាសម្ព័ន្ធសាជីវកម្មឡើងវិញ ការបិទក្រុមហ៊ុន និងស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនល្អជាដើម៕

