លោក Peter Lim ជាជនជាតិសិង្ហបុរី ដែលកើតចេញពីការរកស៊ីទាំងបាតដៃទទេ រហូតឡើងកូដក្លាយជាមហាសេដ្ឋីលំដាប់កំពូលមួយរូបរបស់ប្រទេស ខណៈលោកក៏ជាម្ចាស់នៃក្លិបបាល់ទាត់យក្សអេស្ប៉ាញ Valencia CF ផងដែរ។

លោក Lim ត្រូវបានគេកោតសរសើរថាមនុស្សពូកែដាក់ខ្លួនបំផុត បើទោះបីជាលោកមានទ្រព្យសម្បត្តិខ្ទង់ពាន់លានដុល្លារក៏ដោយ។ លោកជាមហាសេដ្ឋីកើតឡើងពីការរកស៊ីពីបាតដៃទទេ រហូតក្លាយជាអ្នកវិនិយោគដ៏ឆ្នើមម្នាក់ នៅក្នុងឧស្សាហកម្មជាច្រើន រាប់ចាប់ពីហិរញ្ញវត្ថុ រហូតដល់កីឡា។ គិតត្រឹមឆ្នាំ២០២៥ នេះ លោក Peter Lim មានទ្រព្យសម្បត្តិសរុបប្រមាណជិត ២ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes។
លោក Lim ធំធាត់នៅក្នុងអាផាតមិនមួយដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាល ស្ថិតនៅក្នុងតំបន់លំនៅដ្ឋានសាធារណៈ Bukit Ho Swee ជាមួយបងប្អូនប្រាំមួយនាក់។ ឪពុករបស់លោក ជាអ្នកលក់ត្រី និងម្តាយរបស់លោកជាស្ត្រីមេផ្ទះ។
លោក Lim បានចូលរៀននៅវិទ្យាស្ថាន Raffles សម្រាប់កម្រិតមធ្យមសិក្ មុនពេលបន្តការសិក្សាផ្នែកគណនេយ្យ និងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យ Western Australia។ ដើម្បីគាំទ្រការសិក្សា លោក Lim បានធ្វើការងារក្រៅម៉ោងជាច្រើន រួមទាំងជាអ្នកបើកតាក់ស៊ី ចុងភៅ និងអ្នករត់តុ ផងដែរ។
បន្ទាប់ពីនោះ ដោយមានសញ្ញាបត្រ និងក្រមសីលធម៌ការងារដ៏រឹងមាំ លោក Lim បានត្រឡប់មកប្រទេសសិង្ហបុរីវិញ ជាកន្លែងដែលលោកបានចាប់ផ្តើមអាជីពរបស់ខ្លួនជាអ្នកជួញដូរភាគហ៊ុន។
នៅក្នុងអំឡុងទសវត្សឆ្នាំ១៩៨០ និងឆ្នាំ១៩៩០ លោក Lim ទទួលបានកេរ្តិ៍ឈ្មោះជាអ្នកជួញដូរភាគហ៊ុនកំពូលម្នាក់របស់ប្រទេសសិង្ហបុរី ដែលមានជំនាញក្នុងការបម្រើអតិថិជនដែលមានទ្រព្យសម្បត្តិសុទ្ធខ្ពស់។ ភាពជោគជ័យរបស់លោកនៅក្នុងឧស្សាហកម្មនេះបានធ្វើឲ្យលោកទទួលបានរហស្សនាមថា “Remisier King” ស្របទៅតាមសមត្ថភាពក្នុងការគ្រប់គ្រងប្រតិបត្តិការភាគហ៊ុនប្រកបដោយប្រសិទ្ធភាព និងប្រាក់ចំណេញខ្ពស់។
ភាពជោគជ័យទាំងនេះហើយ ជំរុញឲ្យលោក Lim ក្លាយជាមហាសេដ្ឋី។ នៅដើមទសវត្សឆ្នាំ២០០០ លោកបានវិនិយោគ ១០លានដុល្លារនៅក្នុងក្រុមហ៊ុន Wilmar International ដែលជាក្រុមហ៊ុនប្រេងដូង។ ភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុននោះបានកើនឡើងយ៉ាងខ្លាំង ដោយបង្កើតប្រាក់ចំណេញជាង ១,៥ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងនេះបានពង្រឹងឋានៈរបស់លោក Lim ឲ្យក្លាយជាបុគ្គលម្នាក់ក្នុងចំណោមអ្នកមានបំផុតរបស់ប្រទេសសិង្ហបុរី។
ជម្រាបជូនថា បន្ទាប់ពីភាពជោគជ័យនេះ លោក Lim បានធ្វើពិពិធកម្មការវិនិយោគរបស់លោកទៅលើការថែទាំសុខភាព អចលនទ្រព្យ កីឡា និងការអប់រំ ដើម្បីបង្កើនទ្រព្យសម្បត្តិរបស់លោកបន្ថែមទៀត។ លោកបានទិញយកក្រុមហ៊ុន Thomson Medical Group ដែលជាមន្ទីរពេទ្យឯកទេសសម្ភព និងកុមារ ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ក្នុងតម្លៃប្រមាណជិត ៤០០លានដុល្លារ នៅក្នុងឆ្នាំ២០១១៕

