Netflix ដែលជាក្រុមហ៊ុនចាក់ផ្សាយភាយន្តលើបណ្តាញអ៊ីធើណិតដ៏ធំបំផុតមួយរបស់ពិភពលោក កាលពីពេលថ្មីៗនេះ បានប្រកាសថាខ្លួនកំពុងទិញយកស្ទូឌីយោផលិតខ្សែភាពយន្ត និងទូរទស្សន៍ Warner Bros. Discovery នៅក្នុងតម្លៃជិត ៨៣ពាន់លានដុល្លារ ដែលជាកិច្ចព្រមព្រៀងទិញលក់ដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងឧស្សាហកម្មកម្សាន្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការទិញយកនេះ នឹងផ្តល់ឲ្យក្រុមហ៊ុន Netflix នូវសិទ្ធិចូលទៅប្រើប្រាស់នូវការចែកខ្សែភាពយន្តយ៉ាងទូលំទូលាយបំផុត ក៏ដូចជាគ្រប់គ្រងទៅលើសេវាកម្មចាក់ផ្សាយតាមអ៊ីនធើណិតដ៏មានកិត្យានុភាព HBO Max ផងដែរ។
គួរឲ្យដឹងផងដែរថា នេះជាកិច្ចព្រមព្រៀងដ៏ធំបំផុតមួយមិនធ្លាប់មាននៅក្នុងឧស្សាកម្មកម្សាន្តបែបនេះ គិតចាប់តាំងពីការទិញយកក្រុមហ៊ុន Fox នៅក្នុងតម្លៃ ៧១ពាន់លានដុល្លារ របស់ក្រុមហ៊ុន Disney នៅក្នុងឆ្នាំ២០១៩ មក។
មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងដ៏ធំនេះ ត្រូវបានគេវាយតម្លៃថាក្រុមហ៊ុន Netflix នឹងចាយលុយសរុបចំនួន ៨២,៧ពាន់លានដុល្លារ ទៅលើការទិញយកភាគហ៊ុនទាំងស្រុងដែលមានចំនួនសរុប ៧២ពាន់លានដុល្លារ ក៏ដូចជាតម្លៃសហគ្រាស រួមទាំងបំណុលនៃក្រុមហ៊ុន Warner Bros. Discovery ផងដែរ។
ទន្ទឹមនឹងនេះ បើតាមលោក David Zaslav ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Warner Bros. Discovery បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”ការប្រកាសអំពីកិច្ចព្រមព្រៀងនៅថ្ងៃនេះរួមបញ្ចូលគ្នានូវក្រុមហ៊ុននិទានរឿងដ៏អស្ចារ្យបំផុតពីរនៅលើពិភពលោក”។ ពួកគេបាននិយាយទៀតថា ជុំវិញប្រតិបត្តិការ ដែលត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនទាំងពីរនេះ នឹងត្រូវបិទបញ្ចប់ក្នុងរយៈពេល ១២ ទៅ ១៨ខែ៕

