ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការជឿជាក់ថា លោកអាចលើកទឹកចិត្តកម្ពុជា និងថៃឲ្យបញ្ចប់ជម្លោះរវាងគ្នា ហើយហើយរំពឹងថានឹងនិយាយជាមួយមេដឹកនាំនៃប្រទេសទាំងពីរតាមរយៈទូរស័ព្ទក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ដោយបានប្រាប់ទៅកាន់អ្នយកព័ត៌មាន នៅសេតវិមាន កាលពីថ្ងៃទី១០ ធ្នូ ដោយសំដៅលើទៅលើការសន្ទនាតាមទូរស័ព្ទដែលបានគ្រោងទុកជាមួយមេដឹកនាមកម្ពុជា និងថៃ លោក ត្រាំ បាននិយាយថា ៖” ខ្ញុំគិតថាខ្ញុំនឹងទូរស័ព្ទទៅកាន់មេដឹកនាំទាំងពីរឆាប់ៗនេះ”។
មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិករូបនេះ បានបន្ថែមទៀតថា ប្រទេសទាំងពីរមានជម្លោះជាមួយគ្នាជាយូរមកហើយ ខណៈលោកបានដោះស្រាយបញ្ហាទាំងនោះ ដោយសំដៅលើកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់សហរដ្ឋអាមេរិក ក្នុងខែតុលា។
លើសពីនេះ លោក ត្រាំ ក៏បានសរសើរមេដឹកនាំកម្ពុជា និងថៃថាជា “មេដឹកនាំដ៏អស្ចារ្យ”។ ហើយលោកក៏សង្ឃឹមថានឹងធ្វើឲ្យប្រទេសទាំងពីរអាចបញ្ឈប់ជម្លោះចុងក្រោយនេះបាន។
ជម្រាបជូនផងដែរថា ភាពតានតឹងរវាងកម្ពុជា និងថៃ បានផ្ទុះឡើងជាថ្មីម្តងទៀត នៅថ្ងៃទី៧ ខែធ្នូ បន្ទាប់ពីកងកម្លាំងរបស់ប្រទេសថៃ បានបើកការវាយប្រហារមកលើកម្ពូជានៅតាមបណ្តោយព្រំដែនដែលមានជម្លោះស្រាប់ រហូតធ្វើឲ្យកម្ពុជាអស់ការអត់ធ្មត់ នឹងបានបើកការវាយប្រហារតបតវិញ៕

