នាយករដ្ឋមន្ត្រីជប៉ុន ជាប់ក្នុងបញ្ជីឈ្មោះស្រ្តីមានឥទ្ធិពលបំផុតរបស់ទស្សនាវដ្តី Forbes ជាលើកដំបូង

អន្តរជាតិ

យោងតាមទស្សនាវដ្តីដ៏ល្បីល្បាញមួយរបស់ពិភពលោក Forbes កាលពីពេលថ្មីៗនេះ បានចេញផ្សាយនូវបញ្ជីឈ្មោះស្ត្រីដែលមានឥទ្ធិពលបំផុតរបស់ពិភពលោក ដោយក្នុងនោះនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ជាប់នៅចំណាត់ថ្នាក់លេខ៣ ដោយសារតែឥទ្ធិពលរបស់លោកស្រី នៅក្នុងឆាកនយោបាយ និងខ្សែសង្វាក់ផ្គត់ផ្គង់សកល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចាត់ចំណាត់ថ្នាក់របស់ Forbes នេះ បានបង្ហាញឲ្យដឹងទៀតថា ស្ត្រីដែលទទួលបានតំណែងជាស្ត្រីមានឥទ្ធិពលបំផុតរបស់ពិភពលោក គឺប្រធានគណៈកម្មការអឺរ៉ុប លោកស្រី​ Ursula von der Leyen និងចំណាត់ថ្នាក់បន្ទាប់គឺប្រធានធនាគារកណ្តាលអឺរ៉ុប លោកស្រី​ Christine Lagarde។ នេះជាឆ្នាំទីបួនជាប់ៗគ្នាហើយដែលមេដឹកនាំស្រ្តីអឺរ៉ុបទាំងពីររូប បានកាន់នៅតំណែងកំពូលនេះ។

យ៉ាងណាមិញ បើក្រឡេកទៅមើលលោកស្រី Takaichi គឺជានាយករដ្ឋមន្ត្រីស្រ្តីទីដំបូងគេរបស់ប្រទេសជប៉ុន ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីនេះ។ ហើយនេះគឺជាបញ្ជីប្រចាំឆ្នាំដែលបោះពុម្ពផ្សាយដោយ Forbes ដើម្បីផ្តល់កិត្តិយសដល់ស្ត្រីដែលមានឥទ្ធិពលយ៉ាងសំខាន់លើសេដ្ឋកិច្ចពិភពលោក នយោបាយ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ និងសង្គម។

ជម្រាបជូនផងដែរថា ទស្សនាវដ្តី Forbes បានធ្វើការវាយតម្លៃឥទ្ធិពលរបស់បេក្ខជននីមួយៗ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចជា អំណាច ឥទ្ធិពលហិរញ្ញវត្ថុ វិសាលភាពនៃផលប៉ះពាល់ សមត្ថភាពក្នុងការបង្កើតការផ្លាស់ប្តូរ និងកម្រិតនៃវត្តមានលើកឆាកអន្តរជាតិ ជាដើម៕​