ក្រុមហ៊ុនផ្គត់ផ្គង់សាំងយន្តហោះថៃ BAFS រំពឹងប្រាក់ចំណូលខ្លួនអាចកើនដល់ជាង ២០០លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុន Bangkok Aviation Fuel Services Plc (BAFS) ថ្មីៗនេះ បានដាក់ក្តីរំពឹងខ្ពស់ថា ប្រាក់ចំណូលក្រុមហ៊ុនរបស់ខ្លួន អាចនឹងកើនឡើងដល់ ៧,៥ពាន់លានបាត (២១៤ លានដុល្លារ) នៅឆ្នាំ ២០២៦ ដោយសារតែត្រូវបានជំរុញដោយការបង្កើតអាជីវកម្មថ្មីៗ ជាពិសេសទៅលើការអភិវឌ្ឍថាមពលស្អាត ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនផ្តល់សេវាផ្គត់ផ្គង់សាំងយន្តហោះខ្នាតយក្សរបស់ប្រទេសថៃមួយនេះ បានមើលឃើញថាអាជីវកម្មរបស់ខ្លួន បានស្ទុះងើបឡើងមកវិញ បន្ទាប់ពីបានរងផលប៉ះពាល់ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយ:ពេល ៣ ឆ្នាំចុងក្រោយ ខណ:វានៅតែចាត់ទុកថាជាអាជីវកម្មស្នូលរបស់ខ្លួន បើទោះបីជាប្រាក់ចំណូល បានថយចុះក៏ដោយ។

យ៉ាងណាមិញ BAFS រំពឹងថាអាជីវកម្មផ្គត់ផ្គង់សាំងយន្តហោះរបស់ខ្លួន នៅឆ្នាំ ២០២៦ ខាងមុខ នឹងអាចបង្កើតបាន ៥០% នៃប្រាក់ចំណូលសរុប ប៉ុន្តែបានធ្លាក់ចុះពី ៨០% នៅក្នុងឆ្នាំ ២០២២ ស្របពេលអាជីវកម្មថ្មីដែលខ្លួនបានបង្កើតឡើង នឹងអាចកើនដល់ ៥០% ពី ២០% កាលពីឆ្នាំមុន ។

មិនតែប៉ុណ្ណោះ លោក Nathasit Diskul ប្រធានក្រុមហ៊ុន BAFS បាននិយាយថា អាជីវកម្មថ្មីគួរតែកត្តាសំខាន់ សម្រាប់កំណើនប្រាក់ចំណូលរបស់ខ្លួន តាមរយ:ក្រុមហ៊ុនបុត្រសម្ព័ន្ធ BAF Clean Energy Corperation ដែលផ្តោតទៅលើការផលិតថាមពលស្អាត ។

គួរឱ្យដឹងថា ក្រុមហ៊ុន BAF Clean Energy Corperation បានគ្រប់គ្រងគម្រោងថាមពលធំៗចំនួន ៤ នៅក្នុងប្រទេសថៃ និង ២ ទៀត នៅក្នុងប្រទេសជប៉ុន ដែលមានសមត្ថភាពផលិតថាមពលអគ្គិសនី ៤៩,៤ មេហ្គាវ៉ាត់ ។

ដោយឡែក នៅក្នុងអាជីវកម្មផ្គត់ផ្គង់សាំងយន្តហោះវិញ ក្រុមហ៊ុនបានប្រកាសថា ខ្លួនរំពឹងថាការលក់របស់ខ្លួន អាចនឹងកើនឡើងដល់ ៤០% ក្នុងចំនួន ៤,២ ពាន់លានលីត្រ នៅឆ្នាំនេះ ពោលគឺកើនឡើងពី ៣ ពាន់លានលីត្រ កាលពីឆ្នាំ ២០២២ ដោយសារតែរដ្ឋាភិបាលបានធ្វើការលុបចេញនូវការរឹតបន្តឹងការធ្វើដំណើរអន្តរជាតិ ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន BAFS គឺជាអ្នកផ្គត់ផ្គង់សាំងយន្តហោះដ៏សំខាន់បំផុត សម្រាប់អាកាសយានដ្ឋានសុវណ្ណភូមិ ដុនមឿង កោះសាមុយ ត្រាត និងសុខោទ័យ ស្របពេលក្រុមហ៊ុននេះ ក៏នឹងពង្រីកសេវាកម្មរបស់ខ្លួនបន្ថែមទៀត ទៅកាន់អាកាសយានដ្ឋាន U-tapao នៅក្នុងខេត្តរ៉ាក់យ៉ង ផងដែរ ៕