ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់វៀតណាម VinFast នឹងបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌូណេស៊ី រហូតដល់ ១ពាន់លានលដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញសេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងបន្ទាប់ពី VinFast Indonesia បានសម្ពោធរោងចក្រផលិតដំបូងរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ដែលមានសមត្ថភាពផលិតរថយន្តសរុបចំនួន ៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ។
ទន្ទឹមនឹងនេះ លោក Kariyanto Hardjosoemarto នាយកប្រតិបត្តិ VinFast Indonesia បានមានប្រសាសន៍ថា៖ “VinFast នឹងបន្តបង្កើនការវិនិយោគរបស់ខ្លួនដល់ ១ពាន់លានដុល្លារ ជាមួយនឹងការបង្កើនសមត្ថភាពផលិតដល់ ៣៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ”។
លោក Kariyanto បានបន្តទៀតថា ក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាមនេះ បានវិនិយោគ ៣០០លានដុល្លារ នៅក្នុងប្រទេសឥណ្ឌូណេស៊ី គិតរហូតមកដល់ពេលនេះ។ លោកបានបន្ថែមថា រោងចក្រនៅ Subang ខេត្ត West Java ទើបតែបានចាប់ផ្តើមផលិតកម្មសាកល្បង ហើយរំពឹងថានឹងដំណើរការពេញលេញ នៅក្នុងត្រីមាសទីមួយនៃឆ្នាំក្រោយ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនបានអះអាងផងដែរថា វានឹងអាស្រ័យលើតម្រូវការនាពេលអនាគត ហើយការវិនិយោគរបស់ VinFast នៅក្នុងប្រទេសដែឡមានសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍មួយនេះអាចនឹងបន្តកើនឡើងលើសពី ១ពាន់លានដុល្លារ៕

