ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ ប្រកាសថា ទាហានអាមេរិកជិត ១,៥ លាននាក់ នឹងទទួលបានទឹកប្រាក់ចំនួន ១ ៧៧៦ដុល្លារ ក្នុងម្នាក់ៗ សម្រាប់ឱកាសពិធីបុណ្យណូអែល នៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងការការប្រកាសមួយ កាលពីថ្ងៃទី១៧ ខែធ្នូ លោក ត្រាំ បាននិយាយថា ៖”សូមអរគុណដល់ពន្ធគយ និងច្បាប់កញ្ចប់ថវិកាដ៏អស្ចារ្យ ដែលទើបតែត្រូវបានអនុម័ត។ ដូច្នេះខ្ញុំមានមោទនភាព ក្នុងការប្រកាសនៅថ្ងៃនេះថា សមាជិកយោធាជាង ១ ៤៥០ ០០០ នាក់ នឹងទទួលបានភាគលាភពិសេស មុនបុណ្យណូអែល។ ហើយដើម្បីជាកិត្តិយសដល់ឆ្នាំបង្កើតអាមេរិក ១៧៧៦ យើងនឹងផ្តល់ប្រាក់រង្វាន់ដល់ទាហានម្នាក់ៗ ចំនួន ១ ៧៧៦ដុល្លារ”។
យ៉ាងណាមិញ លោក ត្រាំ ក៏បាននិយាយបន្ថែមទៀតផងដែរថា សហរដ្ឋអាមេរិក ប្រមូលទឹកប្រាក់បានច្រើនជាងអ្វីដែលត្រូវបានរំពឹងទុក ពីពន្ធគយ ហើយច្បាប់កញ្ចប់ថវិកាពិសេសរបស់លោក ក៏ផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់អតីតយុទ្ធជន ផងដែរ។
ជម្រាបជូនផងដែរថា នៅមុនពេលការប្រកាសនេះ ប្រធានាធិបតីអាមេរិក លោក ត្រាំ ក៏បានចាត់វិធានការជាច្រើនទៀតដើម្បីគាំទ្រដល់យោធាផងដែរ។ ក្នុងនោះលោកបានចុះហត្ថលេខាលើច្បាប់កំណែទម្រង់ប្រាក់កម្ចីទិញផ្ទះរបស់អតីតយុទ្ធជន ដែលមានគោលបំណងជួយអតីតយុទ្ធជនចៀសវាងពីការរឹបអូសលើការទូទាត់ប្រាក់កម្ចីទិញផ្ទះរបស់ពួកគេ៕

