ឥណ្ឌូណេស៊ី ត្រូវបានគេរាយការណ៍ថា គ្រោងនឹងបញ្ឈប់ការនាំចូលអង្ករសម្រាប់ប្រើប្រាស់ ឬសម្រាប់ឧស្សាហកម្ម ចាប់ពីឆ្នាំ២០២៦ តទៅ ដោយលើកឡើងពីការផលិតនៅក្នុងស្រុកគ្រប់គ្រាន់សម្រាប់តម្រូវការ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

ជុំវិញការសម្រេចចិត្តនេះ ត្រូវបាននប្រកាសឡើងបន្ទាប់ពីកិច្ចប្រជុំសម្របសម្រួលរបស់រដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះ នៅទីក្រុងហ្សាការតា ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួងសម្របសម្រួលសន្តិសុខស្បៀង ក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារស្ថិតិកណ្តាល ផងដែរ។
បើយោងតាមលោក Tatang Yuliono អនុប្រធានសម្របសម្រួលពាណិជ្ជកម្ម និងចែកចាយនៅក្នុងក្រសួងសម្របសម្រួលសន្តិសុខស្បៀង បាននិយាយថា តម្រូវការនៅក្នុងស្រុកទាំងអស់ រួមទាំងអង្ករសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងការកែច្នៃឧស្សាហកម្ម និងត្រូវបានបំពេញយ៉ាងពេញលេញ ដោយផលិតកម្មនៅក្នុងស្រុកផ្ទាល់តែម្តង។
ទន្ទឹមនឹងនេះ រដ្ឋាភិបាល ក៏បានបដិសេធសំណើរបស់ក្រសួងឧស្សាហកម្មក្នុងការនាំចូលអង្ករជិត ៣៨១ ០០០ តោនសម្រាប់ការប្រើប្រាស់ក្នុងឧស្សាហកម្មនៅឆ្នាំ២០២៦ ផងដែរ ដោយជឿជាក់ថាការផ្គត់ផ្គង់ក្នុងស្រុកនឹងគ្រប់គ្រាន់។ គោលនយោបាយមិននាំចូលនឹងត្រូវបានអនុវត្តទូទាំងប្រទេស រួមទាំងតំបន់ពាណិជ្ជកម្មសេរីដូចជា Sabang ក្នុងខេត្ត Aceh ផងដែរ។
ជម្រាបជូនថា ទំនុកចិត្តរបស់ប្រទេសឥណ្ឌូណេស៊ីបានកើតចេញពីការអនុវត្តប្រព័ន្ធកសិកម្មដ៏រឹងមាំនៅឆ្២០២៥ នៅពេលដែលប្រទេសនេះបានបញ្ឈប់ការនាំចូលអង្ករ និងពោត ដែលជាសមិទ្ធផលដ៏សំខាន់មួយក្នុងសន្តិសុខស្បៀងជាតិ។ នៅពាក់កណ្តាលឆ្នាំ២០២៥ ទុនបម្រុងអង្កររបស់រដ្ឋបានឈានដល់កម្រិតខ្ពស់បំផុតប្រហែល ៤ លានតោន ដែលជួយធ្វើឱ្យទីផ្សារក្នុងស្រុកមានស្ថេរភាព និងគាំទ្រដល់តំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយបានថែមទៀតផង៕

