ចិន បន្តបង្កើនការទិញប្រេងពីរុស្ស៊ី ទោះបីជាមានការគំរាមដាក់ពន្ធខ្ពស់ពីលោក ត្រាំ

អន្តរជាតិ

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងថា យ៉ាងហោចណាស់នាវាដឹកប្រេងចំនួន ១៥ របស់រុស្ស៊ី ត្រូវបានកក់ទុកដោយក្រុមហ៊ុនចម្រាញ់ប្រេងរបស់ប្រទេសចិន សម្រាប់ការចែកចាយ នៅក្នុងខែតុលា និងខែវិច្ឆិកាខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតត្រឹមសប្តាហ៍មុន រោងចក្រចម្រាញ់ប្រេងរបស់រដ្ឋ និងឯកជនរបស់ប្រទេសចិន បានកក់ទុកនាវាដឹកប្រេងឆៅចំនួន ១៣ របស់រុស្ស៊ី សម្រាប់ការចែកចាយនៅក្នុងខែតុលា និងនាវាចំនួន ២ ផ្សេងទៀត សម្រាប់ការចែកចាយនៅក្នុងខែវិច្ឆិកា។

យ៉ាងណាមិញ លោក Muyu Xu អ្នកវិភាគប្រេងឆៅប្រចាំនៅក្រុមហ៊ុនគ្រប់គ្រងទិន្នន័យ Kpler បាននិយាយថា នាវាដឹកនាំប្រេងទាំង ១៥ គ្រឿងនោះ នឹងមានប្រភពចេញពីកំពង់ផែ Arctic និង Black Sea ដែលនាវានីមួយៗមានផ្ទុកប្រេងចន្លោះពី ៧០០,០០០ ទៅ ១ លានបារ៉ែល។

បច្ចុប្បន្ន ចិន និងឥណ្ឌា គឺជាអ្នកទិញប្រេងធំជាងគេទាំងពីររបស់រុស្ស៊ី បន្ទាប់ពីផលិតផលនេះ ត្រូវបានលោកខាងលិចដាក់ទណ្ឌកម្ម ចំពោះសង្គ្រាមនៅអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ នៅចុងខែកក្កដា ក្រុមហ៊ុនប្រេងរដ្ឋរបស់ឥណ្ឌា បានឈប់ទិញផលិតផលនេះ បន្ទាប់ពីការព្រមានពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

ជម្រាបជូនថា កាលពីខែមុន លោក ត្រាំ បានគំរាមដាក់ពន្ធនាំចូលខ្ពស់កប់ពពកលើប្រទេសដែលបន្តនាំចូលប្រេងពីរុស្ស៊ី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសម្ពាធលើទីក្រុងមូស្គូ ដើម្បីជំរុញឲ្យមានការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ កាលពីដើមខែនេះ លោកបានដាក់ពន្ធបន្ថែម ២៥% លើការនាំចូលរបស់ឥណ្ឌា ដែលនាំឱ្យចំនួនពន្ធសរុបកើនឡើងដល់ ៥០%៕​