អាជ្ញាធរប្រកួតប្រជែងរបស់ប្រទេសអ៊ីតាលី (AGCM) បានផាកពិន័យក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Apple ជាទឹកប្រាក់ចំនួន ៩៨,៦លានអឺរ៉ូ (១១៥,៥លានដុល្លារ) ពីបទរំលោភបំពានច្បាប់ប្រកួតប្រជែងទីផ្សារនៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

អាជ្ញាធរបានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន Apple ត្រូវបានចោទប្រកាន់ថាបានរំលោភបំពាន់ទៅលើច្បាប់អឺរ៉ុប ទាក់ទងទៅនឹងកម្មវិធី App Store របស់ក្រុមហ៊ុន ដោយសារតែកម្មវិធីនេះ មានឥទ្ធិពលខ្លាំងហួសហេតុពេក ជាពិសេសគឺការបិទសិទ្ធិក្នុងការចូលរួមដោះស្រាយជាមួយអ្នកអភិវឌ្ឍកម្មវិធីដែលជាភាគីទីបី។
ទន្ទឹមនឹងនេះយោងតាមអង្គការឃ្លាំមើលបានបើកការស៊ើបអង្កេតលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនេះ នៅក្នុងខែឧសភា ឆ្នាំ២០២៣ ដោយអះអាងថាពួកគេ បានប្រើប្រាស់អំណាចជ្រុលហួសហេតុពេក ក្នុងការគាបសង្កត់អ្នកអភិវឌ្ឍកម្ម ក្រោមគោលការណ៍ឯកជនភាពដែលមានការរឹតត្បិតខ្លាំងជាងមុនរបស់ខ្លួន។ ទង្វើនេះ ត្រូវបានអាជ្ញាធរ AGCM ថាជាការល្មើសច្បាប់ធ្ងន់ធ្ងរបំផុតមួយ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Apple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមិនយល់ស្របជាមួយនឹងការសម្រេចចិត្តចំពោះការចោទប្រកាន់នេះនោះឡើយ ដោយបន្តអះអាងថា ការធ្វើបែបនេះគឺគ្រាន់តែជាការពារឯកជនភាពសំខាន់ៗ របស់ក្រុមហ៊ុនប៉ុណ្ណោះ៕

