ប្រទេសចិន កាលពីពេលថ្មីៗនេះ បានដាក់ទណ្ឌកម្មទៅលើបុគ្គលចំនួន ១០ រូប និងក្រុមហ៊ុនផលិតសព្វាវុធរបស់អាមេរិកចំនួន ២០ ផ្សេងទៀត រួមទាំងក្រុមហ៊ុន St. Louis ដែលជាបុត្រសម្ព័ន្ធរបស់ Boeing ផងនោះ ចំពោះការលក់អាវុធទៅឲ្យកោះតៃវ៉ាន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមក្រសួងការបរទេសរបស់ប្រទេសចិន បាននិយាយជុំវិញការដាក់ទណ្ឌកម្មប្រឆាំងទៅនឹងបុគ្គល និងក្រុមហ៊ុនអាមេរិកទាំងនោះថា ៖”បញ្ហាតៃវ៉ាន់ គឺជាស្នូលនៃផលប្រយោជន៍របស់ចិន ហើយជាខ្សែបន្ទាត់ក្រហមដែលមិនអាចឆ្លងបានដំនបូងគេ នៅក្នុងទំនាក់ទំនងចិន-អាមេរិក។ ហើយចំពោះសកម្មភាពញុះញង់ណាមួយដែលឆ្លងកាត់បន្ទាប់ក្រហមនេះ លើបញ្ហាកោះតវ៉ាន់ នឹងត្រូវបានឆ្លើយតបជាដាច់ខាតពីប្រទេសចិន”។
ជុំវិញការប្រកាសដាក់ទណ្ឌកម្មនេះ មានន័យថាទីក្រុងប៉េកាំងនឹងបង្កកទ្រព្យសម្បត្តិទាំងអស់ដែលកាន់កាប់ដោយក្រុមហ៊ុន និងបុគ្គលទាំងនោះនៅក្នុងប្រទេសចិន រួមទាំងហាមឃាត់អង្គភាពក្នុងស្រុក និងបុគ្គលមិនឲ្យធ្វើការជាមួយពួកគេទាំងនោះ ផងដែរ។
គួរឲ្យដឹងផងដែរថា បុគ្គលដែលមានឈ្មោះនៅក្នុងបញ្ជីទណ្ឌកម្មនេះ រួមទាំងស្ថាបនិកក្រុមហ៊ុនការផលិតអាវុធ Anduril Industries និងនាយកប្រតិបត្តិជាន់ខ្ពស់ចំនួនប្រាំបួននាក់មកពីក្រុមហ៊ុនដែលត្រូវបានដាក់ទណ្ឌកម្ម ក៏ដូចជាត្រូវបានហាមឃាត់មិនឱ្យចូលទៅក្នុងប្រទេសចិនទៀត ផងដែរ។
ជម្រាបជូនថា ជុំវិញការផ្លាស់ប្តូររបស់ចិននេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសកាលអំពីមុនអំពីកិច្ចព្រមព្រៀងលក់អាវុធចំនួន ១១,១ពាន់លានដុល្លារសម្រាប់តៃវ៉ាន់ រួមទាំងមីស៊ីលរយៈចម្ងាយមធ្យម កាំភ្លើងធំ HIMARS និងយន្តហោះគ្មានមនុស្សបើក។ នេះក៏ជាកញ្ចប់អាវុធដ៏ធំបំផុតមិនធ្លាប់មានពីសហរដ្ឋអាមេរិកទៅកាន់កោះនេះ ដែលទទួលបានការរិះគន់យ៉ាងខ្លាំងពីប្រទេសចិន៕

