ការនាំចេញប្រេងរបស់វេណេស៊ុយអេឡា កំពុងជាប់គាំង ក្រោយរងការវាយប្រហារពីអាមេរិក

អន្តរជាតិ

ការនាំចេញប្រេងរបស់ប្រទេសវេណេស៊ុយអេឡា ត្រូវបានជាប់គាំងបន្ទាប់ពីសហរដ្ឋអាមេរិក បានបើកប្រតិបត្តិការវាយប្រហារតាមអាកាស ដើម្បីឈានដល់ការចាប់ខ្លួនប្រធានាធិបតី Maduro។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែល បានរាយការណ៍ឲ្យដឹងទៀតថា ការនាំចេញប្រេង បានជាប់គាំងដោយសារតែកំពង់ផែរបស់ប្រទេសនេះ មិនទាន់ទទួលបានបញ្ជាឲ្យនាវាដឹកទំនិញចាកចេញនៅឡើយទេ។ ស្ថានភាពនេះកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកបានជម្លៀសប្រធានាធិបតី លោក Maduro និងភរិយារបស់លោក ចេញពីទីក្រុងការ៉ាកាស ហើយបានប្រកាសថាខ្លួននឹងត្រួតពិនិត្យដំណើរការផ្លាស់ប្តូរនយោបាយនៅក្នុងប្រទេសស្ថិតនៅតំបន់អាមេរិកខាងត្បូងមួយនេះ។

គួរឲ្យដឹងថា នាវាជាច្រើនដែលបានផ្ទុកប្រេងឆៅ និងប្រេងឥន្ធនៈរួចហើយនោះ ដោយមានគម្រោងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក និងអាស៊ី ប៉ុន្តែមិនអាចចាកចេញពីកំពង់ផែបានទេ ស្របពេលនាវាផ្សេងទៀតដែលគ្រោងទទួលយកប្រេង បែរជាបានចាកចេញទៅវិញដោយទទេ ។នេះបើយោងតាមទិន្នន័យពីវេទិកាតាមដាន TankerTrackers។

ជម្រាបជូនផងដែរថា គិតនៅត្រឹមថ្ងៃទី៣ ខែមករា គ្មាននាវាដឹកប្រេងណាមួយ ទទួលបានប្រេងនៅ Jose ដែលជាកំពង់ផែប្រេងសំខាន់របស់ប្រទេសវេណេស៊ុយអេឡានោះឡើយ។ នៅថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានប្រកាសផងដែរថា ការហាមឃាត់ប្រេងប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា បានចូលជាធរមានជាផ្លូវការ។

យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានបង្ហាញឲ្យដឹងថា ប្រទេសវេណេស៊ុយអេឡា មានទុនបំរុងប្រេងឆៅច្រើនបំផុត រហូតដល់ប្រមាណ ៣០៣ ពាន់លានបារ៉ែល ដែលស្មើនឹងប្រហែល ១៧% នៃចំនួនសរុបរបស់ពិភពលោក។ ប្រទេសនេះធ្លាប់ផលិតប្រេងបានរហូតដល់ ៣,៥ លានបារ៉ែលក្នុងមួយថ្ងៃ មុនពេលលោក Hugo Chavez និងលោក Maduro ឡើងកាន់អំណាច៕​