យោងតាមទិន្នន័យផ្លូវការពីឧស្សាហកម្មរថយន្ត បង្ហាញឲ្យដឹងនៅថ្ងៃទី៦ ខែមករាថា ការចុះបញ្ជីរថយន្តនៅចក្រភពអង់គ្លេសរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជាង ២៩% នៅក្នុងខែធ្នូ ដែលបានបង្ហាញពីការប្រកួតប្រជែងខ្លាំងដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សអាមេរិក កំពុងប្រឈមមុខទៅក្នុងទីផ្សារធំបំផុតរបស់ខ្លួននៅអឺរ៉ុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមទិន្នន័យពី New AutoMotive បានបង្ហាញថា ការលក់រថយន្តរបស់ក្រុមហ៊ុនដែលដឹកនាំដោយមហាសេដ្ឋី Elon Musk នៅអង់គ្លេស បានធ្លាក់ចុះមកនៅត្រឹម ៦ ៣២៣ គ្រឿង កាលពីខែមុន។ សម្រាប់ឆ្នាំ២០២៥ ការលក់រថយន្តនៅក្នុងចក្រភពអង់គ្លេសរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះអស់ ៨,៩% បើធៀបទៅនឹងឆ្នាំ២០២៤។
យ៉ាងណាមិញ ជុំវិញការធ្លាក់ចុះនេះបានឆ្លុះបញ្ចាំងពីនិន្នាការដែលបានឃើញនៅក្នុងទីផ្សារអឺរ៉ុបផ្សេងទៀតដូចជាប្រទេសបារាំង និងស៊ុយអែត ជាកន្លែងដែលការលក់របស់ Tesla ជួបប្រទះផលលំបាកយ៉ាងខ្លាំង ដោយសារតែការប្រកួតប្រជែងខ្ពស់ និងជំហរលើឆាកនយោបាយរបស់លោក Musk នៅអឺរ៉ុប។
ផ្ទុយទៅវិញ ការលក់រថយន្តនៅក្នុងចក្រភពអង់គ្លេសសម្រាប់ក្រុមហ៊ុនគូប្រជែងចិន BYD បានកើនឡើងជិតប្រាំដង ដល់ ៥ ១៩៤ គ្រឿងនៅក្នុងខែធ្នូ។ តែទោះជាយ៉ាងណាក៏ដោយ Tesla នៅតែរក្សាតំណែងរបស់ខ្លួនជាម៉ាកយីហោរថយន្តអគ្គិសនីលក់ដាច់បំផុតនៅក្នុងប្រទេសអង់គ្លេសដដែល កាលពីខែមុន៕

