យោងតាមអាជ្ញាធរសេវាកម្មហិរញ្ញវត្ថុឥណ្ឌូណេស៊ី (OJK) បានបង្ហាញឲ្យដឹងថា ការខាតបង់សរុបបណ្តាលមកពីការឆបោកលុយ ក្នុងឆ្នាំ២០២៥ កន្លងទៅ មានចំនួនរហូតដល់ ៩ទ្រីលានរូពី (៥៣៤លានដុល្លារ) ដោយក្នុងនោះមានគណនីពាក់ព័ន្ធចំនួន ១២៧ ០៤៧ ត្រូវបានបង្កក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

យោងតាមលោកស្រី Friderica Widyasari Dewi នាយក OJK បានបង្ហាញឲ្យដឹងទៀតថា មជ្ឈមណ្ឌលប្រឆាំងការឆបោករបស់ឥណ្ឌូណេស៊ី (IASC) រហូតមកដល់ពេលនេះ បានទទួលរបាយការណ៍សរុបជាង ៤១១ ០០០ ដែលបញ្ជាក់ពីទំហំធ្ងន់ធ្ងរនៃការក្លែងបន្លំហិរញ្ញវត្ថុ និងសកម្មភាពឆបោក។
ក្នុងចំណោមនេះ របាយការណ៍ជិត ២១៨ ៧០០ ត្រូវបានដាក់ជូនតាមរយៈធនាគារ និងអ្នកផ្តល់សេវាប្រព័ន្ធទូទាត់ ស្របពេលរបាយការណ៍ជាង ១៩២ ០០០ ផ្សេងទៀត ត្រូវបានដាក់ជូនតាមរយៈជនរងគ្រោះផ្ទាល់។
ជម្រាបជូនផងដែរថា ទាក់ទងនឹងការទទួលខុសត្រូវរបស់ស្ថាប័នហិរញ្ញវត្ថុ OJK បានរាយការណ៍ថា ស្ថាប័នសេវាកម្មហិរញ្ញវត្ថុ (PUJK) ចំនួន ១៩៣ ត្រូវបានជាប់ពាក់ព័ន្ធក្នុងករណីក្លែងបន្លំ៕

