ហ្វីលីពីន ចាប់ផ្តើមហាមឃាត់ AI Grok របស់មហាសេដ្ឋី Elon Musk តាមប្រទេសជិតខាង

អន្តរជាតិ

ប្រទេសហ្វីលីពីន បានប្រកាសកាលពីថ្ងៃទី១៥ ខែមករាថា ខ្លួនមានគម្រោងរារាំងកម្មវិធី AI Grok របស់មហាសេដ្ឋី Elon Musk មិនឲ្យពលរដ្ឋរបស់ខ្លួនចូលទៅប្រើប្រាស់ ដោយចូលរួមជាមួយប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍ផ្សេងទៀត ដូចជាម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញព័ត៌មាននេះ បានកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបណ្តាញសង្គម X បាននិយាយថា ខ្លួននឹងចាត់វិធានការដើម្បីការពារកម្មវិធី AI Chatbot របស់ខ្លួននេះ ពីការធ្វើរឿងខុសច្បាប់ផ្សេងៗ ចំពេលកំពុងមានប្រតិបត្តិកាន់តែខ្លាំងឡើងនៅទូទាំងពិភពលោក ជុំវិញការបង្កើតជារូបភាពអាសអាភាសក្លែងក្លាយជាច្រើន។

បើតាមលោក Henry Rhoel Aguda រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ហ្វីលីពីន បានប្រាប់សន្និសីទសារព័ត៌មានមួយ បន្ទាប់ពីមានការសម្រេចចិត្តនេះថា ៖”យើងត្រូវតែសម្អាតប្រព័ន្ធអ៊ីនធឺណិតរបស់យើងឥឡូវនេះ ពីព្រោះខ្លឹមសារពុលជាច្រើនកំពុងលេចឡើង ជាពិសេសជាមួយនឹងការមកដល់នៃ AI”។

ទន្ទឹមនឹងនេះ លោក Renato Paraiso នាយកប្រតិបត្តិស្តីទីនៃមជ្ឈមណ្ឌលឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់ប្រទេសបានប្រាប់ទៅកាន់សារព័ត៌មាន AFP ថា ការរារាំងនេះនឹងចូលជាធរមានភ្លាមៗក្នុងរយៈពេលមួយថ្ងៃ ក្រោយការប្រកាស។

ជម្រាបជូនផងដែរថា កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ឥណ្ឌូណេស៊ីបានក្លាយជាប្រទេសដំបូងគេដែលរារាំងការចូលទៅប្រើប្រាស់កម្មវិធី AI Grok ទាំងស្រុង ដោយប្រទេសម៉ាឡេស៊ី បានធ្វើតាមនៅថ្ងៃបន្ទាប់៕​