តម្លៃភាគហ៊ុនក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងធ្លាក់ដាំក្បាលចុះ ក្រោយលោក ត្រាំ​ ប្រកាសដំឡើងពន្ធថ្មី

អន្តរជាតិ

ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សកូរ៉េខាងត្បូង Hyundai Motor បានធ្លាក់ចុះយ៉ាងកំហុគរហូតដល់ទៅ ៤,៥% នៅក្នុងការជួញដូរចុងក្រោយមួយ កាលពីព្រឹកថ្ងៃទី២៧ ខែមករា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធលើទំនិញកូរ៉េខាងត្បូង រួមទាំងរថយន្ត ចន្លោះពី ១៥% ដល់ ២៥% ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះផងដែរ តម្លៃភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតរថយន្ត Kia Corp បានធ្លាក់ចុះដល់ទៅ ៦% ខណៈក្រុមហ៊ុនបុត្រសម្ព័ន្ធ Hyundai Mobis ក៏បានធ្លាក់ចុះ ៥,៧% ផងដែរ ។

គួរឲ្យដឹងថា ប្រធានាធិបតី លោក ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា លោកកំពុងបង្កើនពន្ធលើការនាំចូលរបស់កូរ៉េខាងត្បូងទៅកាន់សហរដ្ឋអាមេរិក ទាក់ទងទៅនឹងរថយន្ត ឈើ និងឱសថដល់ ២៥% ខណៈពេលដែលលោកបានចោទប្រកាន់លើប្រទេសនេះថា មិនបានគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ខ្លួន ជាមួយទីក្រុងវ៉ាស៊ីនតោន។

យ៉ាងណាមិញ វាមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេថាការដំឡើងពន្ធគយថ្មីរបស់លោក ត្រាំ លើប្រទេសកូរ៉េខាងត្បូងនេះ នឹងត្រូវចូលជាធរមាននៅពេលណានោះឡើយ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការប្រកាសនេះ ហាក់បានធ្វើឲ្យទីផ្សារហ៊ុនរបស់បណ្តាក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង មានភាពង្គោះរង្គើខ្លាំង ខណៈក្រុមអ្នកវិភាគមួយចំនួននិយាយថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គួររកស្វែងរកការចរចាណាមួយជាបន្ទាន់ ដើម្បីដោះស្រាយលើបញ្ហានេះវិញ៕​