Suzuki វ៉ាដាច់ Nissan ក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតទីបីរបស់ប្រទេសជប៉ុន នៅឆ្នាំមុន

អន្តរជាតិ

យោងតាមទិន្នន័យផ្លូវការមួយបានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន Suzuki Motor បានវ៉ាដាច់ក្រុមហ៊ុន Nissan ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតទីបីរបស់ប្រទេសជប៉ុន នៅក្នុងឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមទិន្នន័យលក់ដែលត្រូវបានចេញផ្សាយដោយក្រុមហ៊ុនខ្នាតយក្សរបស់ជប៉ុនទាំងពីរ បានបង្ហាញឲ្យដឹងទៀតថា នេះគឺជាលើកដំបូងហើយ ក្នុងរយៈពេលជាងមួយទសវត្សចុងក្រោយ ដែល Suzuki បានក្លាយជាក្រុមហ៊ុនលក់រថយន្តដាច់ជាង Nissan គិតនៅក្នុងឆ្នាំតែមួយ។

គួរឲ្យដឹងថា Suzuki បានរាយការណ៍ពីការកើនឡើង ១,៤% នៃការលក់ទូទាំងពិភពលោករបស់ខ្លួនដល់ចំនួនសរុបប្រហែល ៣,៣ លានគ្រឿងកាលពីឆ្នាំមុន ខណៈពេលដែលក្រុមហ៊ុន Nissan បានលក់រថយន្តសរុបបានតែ ៣,២ លានគ្រឿង ពោលគឺបានធ្លាក់ចុះ ៤,៤%។

ជម្រាបជូនថា ក្រុមហ៊ុនទាំងពីរ នៅតែតាមពីក្រោយក្រុមហ៊ុន Toyota ដែលលក់នៅតំណែងកំពូល ជាមួយនឹងការលក់រថយន្តទាំងម៉ាក Toyota និង Lexus បានក្នុងចំនួន ១០,៥ លានគ្រឿង ខណៈ Honda ឈរនៅលេខ២ ជាមួយនឹងការលក់រថយន្តសរុប ៣,៥ លានគ្រឿង៕​