ការលក់រថយន្តរបស់ក្រុមហ៊ុន BYD បានបន្តធ្លាក់ចុះអស់ ៣០,១% នៅក្នុងខែមករា ដែលជាខែទី៥ ជាប់ៗគ្នាហើយនៃការធ្លាក់ចុះនេះ ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សចិនមួយនេះ កំពុងព្យាយាមដោះស្រាយបញ្ហានៅខាងក្រៅប្រទេស និងការ ប្រកួតប្រជែងខ្លាំងនៅក្នុងស្រុក ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមឯកសារភាគហ៊ុនដែលបានបង្ហាញពីថ្ងៃទី១ ខែមករា បានឲ្យដឹងថា ក្រុមហ៊ុន BYD បានលក់រថយន្តសរុបចំនួន ២១០ ០៥១ គ្រឿងនៅទូទាំងពិភពលោក កាលពីខែមុន ខណៈការផលិតបានធ្លាក់ចុះអស់ ២៩,១% ដែលជាការធ្លាក់ចុះជាបន្តបន្ទាប់ គិតចាប់តាំងពិខែកក្កដា ឆ្នាំមុនមក។
យ៉ាងណាក៏ដោយ BYD បាននិយាយកាលពីខែមករាថា ខ្លួនបានកំណត់គោលដៅដឹកជញ្ជូនរថយន្តសរុបចំនួន ១,៣ លានគ្រឿង ទៅក្រៅប្រទេសសម្រាប់ឆ្នាំនេះ ដែលបង្ហាញពីការកើនឡើង ២៤% ពីឆ្នាំ២០២៥ ប៉ុន្តែវានៅតែទាបជាគោលដៅពីមុន ដែលមានចំនួនរហូតដល់ទៅ ១,៦ លានគ្រឿង។
ជម្រាបជូនផងដែរថា ក្រុមហ៊ុន BYD បានផ្តួល Tesla ក្នុងនាមជាក្រុមហ៊ុនលក់រថយន្ត EV ដាច់ជាងគេបំផុតរបស់ពិភពលោក ដោយបានកើនឡើងជាង ១៥០% ដែលជួយប៉ះប៉ូវដល់ការធ្លាក់ចុះ សម្រាប់ការលក់នៅក្នុងស្រុក បន្ទាប់ពីរងការប្រកួតប្រជែងយ៉ាងខ្លាំង ជាពិសេសពីក្រុមហ៊ុន Geely និង Leapmotor ៕

