បារាំង ហៅមហាសេដ្ឋី Elon Musk មកបំភ្លឺ ក្រោយចូលឆែកឆេរការិយាល័យបណ្តាញសង្គម X

អន្តរជាតិ

រដ្ឋអាជ្ញាបារាំង បានឆ្មក់ចូលការិយាល័យរបស់បណ្តាញទំនាក់ទំនងសង្គម X នៅទីក្រុងប៉ារីស និងបានកោះហៅមហាសេដ្ឋីមានដាច់គេលើលោក Elon Musk ឲ្យចូលមកបំភ្លឺ ជាផ្នែកមួយនៃការស៊ើបអង្កេតពាក់ព័ន្ធទៅនឹងការជ្រៀតជ្រែកផ្នែកនយោបាយ និងរូបភាពអាសអាភាស Deepfake ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋអាជ្ញាបារាំងនៅថ្ងៃទី៣ ខែកុម្ភៈ បានឆ្មក់ចូលការិយាល័យបណ្តាញសង្គម X ដែលគ្រប់គ្រងដោយមហាសេដ្ឋី Elon Musk ក្នុងការស៊ើបអង្កេតដែលត្រូវបានបានចាប់ផ្តើមតាំងពីនៅក្នុងខែមករា ឆ្នាំ២០២៥ មកម្លេះ ទៅលើការចោទប្រកាន់ថា វេទិកានេះត្រូវបានប្រើប្រាស់ដើម្បីជ្រៀតជ្រែកក្នុងនយោបាយបារាំង។

យ៉ាងណាមិញជុំវិញកិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានពង្រីកបន្ថែមទៀត ដើម្បីបើកការស៊ើបអង្កេត ទៅលើកម្មវិធី AI Grok របស់មហាសេដ្ឋី Elon Musk ផងដែរ ក្រោមការចោទប្រកាន់ថាកម្មវិធីនេះ បានបង្កើតជារូបភាពអាសអាភាស deepfake ជាច្រើន។

មិនតែប៉ុណ្ណោះ ពាក់ព័ន្ធនឹងការស៊ើបអង្កេតនេះ ការិយាល័យរដ្ឋអាជ្ញាសាធារណៈទីក្រុងប៉ារីស ក៏បានចេញដីកាកោះហៅលោក Musk និងលោកស្រី Linda Yaccarino ដែលជាអតីតនាយប្រតិបត្តិក្រុមហ៊ុន X សម្រាប់ការចូលមកបំភ្លឺ នៅថ្ងៃទី២០ ខែមេសា នៅទីក្រុងប៉ារីស។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នាយកដ្ឋានទំនាក់ទំនងរដ្ឋាភិបាល របស់ក្រុមហ៊ុនបណ្តាញសង្គម X បានរិះគន់ធ្ងន់ៗ ចំពោះការបង្ហាញព័ត៌មានជាសាធារណៈរបស់ការិយាល័យរដ្ឋអាជ្ញាសាធារណៈទីក្រុងប៉ារីសអំពីការឆ្មក់ចូលនេះ ដោយហៅវាថាជាការរំលោភអំណាច និងអនុវត្តគោលដៅនយោបាយខុសច្បាប់៕​