លោក Elon Musk ដែលជាបុគ្គលមានដាច់គេរបស់ពិភពលោក កាលពីពេលថ្មីៗនេះ បានលើកឡើងថាលោកមិនដែលសប្បាយចិត្តនោះឡើយ បើទោះបីជាទ្រព្យសម្បត្តិសរុបរបស់លោកកំពុងកើនឡើងដល់ចំនួនច្រើនមហាសាលក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Musk បានសរសេរនៅលើបណ្តាញសង្គម X របស់ខ្លួន កាលពីថ្ងៃទី៤ ខែកុម្ភៈថា ៖” អ្នកណាដែលនិយាយថា លុយមិនអាចទិញសុភមង្គលបាន នោះគឺពិតជារឿងត្រឹមត្រូវណាស់”។ យ៉ាងណាក៏ដោយ ជុំវិញការបង្ហោះសារដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានទាក់ទាញអ្នកចូលទៅមើលដល់ទៅជិត ៨៧ លានដងឯណោះ។
គួរឲ្យដឹងផងដែរថា ទាក់ទងទៅនឹងការបង្ហោះសាររបស់លោក Musk បានតកើនឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទស្សនាវដ្តី Forbes បានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិសរុបរបស់លោក កើនឡើងដល់ ៨៥២ពាន់លានដុល្លារ។ ហើយការកើនឡើងនេះ ដោយសារតែក្រុមហ៊ុនអវកាស SpaceX បានប្រកាសទិញយកក្រុមហ៊ុនបញ្ញាសិប្បនិម្មិត xAI ដើម្បីរួមបញ្ចូលទៅជាក្រុមហ៊ុនតែមួយ។
យោងតាមការសិក្សាជាច្រើនបានបង្ហាញថា លុយនាំមកនូវសុភមង្គល ប៉ុន្តែមានតែក្នុងកម្រិតជាក់លាក់មួយប៉ុណ្ណោះ។ ជាមួយគ្នានេះ លោក David Bartram សាស្ត្រាចារ្យរងផ្នែកសង្គមវិទ្យានៅសាកលវិទ្យាល័យ Leicester បាននិយាយថា ខណៈពេលដែលអ្នកមានទ្រព្យសម្បត្តិកាន់តែច្រើន អារម្មណ៍នៃសុភមង្គលរបស់អ្នកកាន់តែថយចុះ។
លោក Bartram បានបន្ថែមទៀតថា សម្រាប់អ្នកមានខ្លាំង សុភមង្គលដ៏អស្ចារ្យបំផុតប្រហែលជានៅពេលដែលពួកគេមានអារម្មណ៍ថាពួកគេបានធ្វើអ្វីដែលមានប្រយោជន៍សម្រាប់ពិភពលោក និងបានប្រព្រឹត្តចំពោះអ្នកនៅជុំវិញពួកគេដោយការយកចិត្តទុកដាក់ និងការធ្វើសប្បុរស។
ជម្រាបជូនផងដែរថា លោក Elon Musk គឺជាបុគ្គលដែលមានមហិច្ឆតាខ្ពស់ ដែលរួមបញ្ចូលអ្វីៗគ្រប់យ៉ាងចាប់ពីលំហអាកាស ថាមពល រហូតដល់បញ្ញាសិប្បនិម្មិត។ លោកមានគោលបំណងបញ្ជូនមនុស្សទៅកាន់ភពអង្គារតាមរយៈ SpaceX ខណៈពេលដែលកំពុងជំរុញការផ្លាស់ប្តូរទៅជាយានយន្តអគ្គិសនី និងថាមពលស្អាតជាមួយ Tesla ក៏ជាចាកលុយរាប់ពាន់លានដុល្លារ លើវិស័យ AI ផងដែរ៕

