ធនាគារប្រជាជនចិន (PBOC) ទើបតែបញ្ចប់ការទិញមាសរយៈពេល ១៥ខែជាប់ៗគ្នារបស់ខ្លួន ដែលធ្វើឲ្យការកាន់កាប់ទុនបម្រុងមាសសរុបកើនឡើងដល់ជាង ២ ៣០០ តោន បើទោះបីជាតម្លៃមាសសកលកំពុងមានការប្រែប្រួលខ្លាំងក៏ដោយ។ នេះបើតាមការចុះផ្សាយពី World Gold Council។

កាលពីថ្ងៃទី៧ ខែកុម្ភៈ ធនាគារកណ្តាលចិន PBOC បានចេញផ្សាយនូវតួលេខដែលបង្ហាញថាមាសបម្រុងរបស់ប្រទេសគិតនៅត្រឹមចុងខែមករា មានចំនួនសរុប ៧៤,១៩ លានអោន (ប្រមាណជាង ២ ៣០០ តោន)។ តួលេខនេះ បានកើនឡើងពីចំនួន ៧៤,១៥ លានអោន នៅក្នុងខែធ្នូ ឆ្នាំ២០២៥ ។
គួរឲ្យដឹងថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក បច្ចុប្បន្នកាន់កាប់មាសតម្លៃជិត ៣៦៩ពាន់លានដុល្លារ ដែលកើនឡើងជាង ៥០ពាន់លានដុល្លារបើប្រៀបធៀបទៅនឹងខែធ្នូ ឆ្នាំ២០២៥។ នេះគឺជាខែទី១៥ ជាប់ៗគ្នាហើយដែលធនាគារប្រជាជនចិន (PBOC) បានទិញចូលមាស។
ជម្រាបជូនថា មាសត្រូវបានចាត់ទុកថាជារបាំងការពារហានិភ័យក្នុងអំឡុងពេលមានអស្ថិរភាពសេដ្ឋកិច្ច និងនយោបាយ។ នៅចុងខែមុន រលកនៃការទិញបានជំរុញឱ្យតម្លៃលោហៈដ៏មានតម្លៃមួយនេះ ហក់ឡើងដល់កម្រិតខ្ពស់បំផុតជិត ៥៦០០ដុល្លារក្នុងមួយអោន៕

