យោងតាមនាយកដ្ឋានឧតុនិយមរបស់ប្រទេសថៃ បានចេញផ្សាយពីការព្យាករអាកាសធាតុរបស់ខ្លួន ដោយបង្ហាញថាតំបន់ជាច្រើនរបស់ប្រទេសថៃ រួមទាំងទីក្រុងបាងកក នឹងប្រឈមមុខទៅនឹងព្យុះរដូវក្តៅដ៏កំណាច ដែលក្នុងនោះរួមមានលាយលំជាមួយផ្គររន្ទះ ខ្យល់បក់ខ្លាំង និងព្យុះភ្លៀង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Thairath។

មិនតែប៉ុណ្ណោះប្រភពខាងលើបានបង្ហាញឲ្យដឹងទៀតថា ព្យុះកំណាចនេះកើតឡើងដោយសារតែសម្ពាធខ្យល់ត្រជាក់ខ្លាំង ដែលរីករាលដាលចេញមកពីភាគខាងជើងប្រទេសវៀតណាម និងភាគខាងត្បូងរបស់ប្រទេសចិន។ ហើយដោយសារតែប្រទេសថៃ កំពុងមានអាសធាតុក្តៅខ្លាំង ការប៉ះគ្នារវាងខ្យល់ត្រជាក់ និងខ្យល់ក្តៅនេះ នឹងបង្កឲ្យមានព្យុះរដូវក្តៅកើតឡើង ដែលនាំមកនូវផ្គររន្ទះ ខ្យល់បោកបក់ខ្លាំង និងភ្លៀងធ្លាក់ជាដើម។
មិនតែប៉ុណ្ណោះ ជុំវិញបញ្ហានេះ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយកថៃ បានជូនដំណឹងដល់ពលរដ្ឋថៃ នៅតាមតំបន់ទាំងនោះឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះខ្យល់ព្យុះរដូវក្តៅ ដោយចៀងវាងនៅកន្លែងបើកចំហ ដើមឈើធំៗ សំណង់មិនរឹងមាំ និងផ្ទាំងប៉ាណូធំៗ ជាដើម។
លើសពីនេះ អាជ្ញាធរ ក៏បានណែនាំឲ្យកសិករ រៀបចំការពារដើមឈើហូបផ្លែ និងត្រៀមខ្លួនទប់ស្កាត់ការខូតខាតដំណាំ និងសត្វពាហនៈ ព្រមទាំងថែរក្សាសុខភាព ក្នុងអឡុងពេលមានព្យុះរដូវក្តៅនេះផងដែរ៕

