យោងតាមការប្រកាសរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មជប៉ុន បានបង្ហាញឲ្យដឹងថាទីក្រុងអូសាកា បានទទួលអំណោយដ៏នឹកស្មានមិនដល់មួយ គឺមាសចំនួន ២១ គីឡូ ដើម្បីចំណាយសម្រាប់ការថែទាំងប្រព័ន្ធទឹកចាសរបស់ខ្លួន។

តាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុកមួយ បានបង្ហាញឲ្យដឹងថាអំណោយជាមាសដែលមានតម្លៃសរុបប្រមាណ ៣,៦លានដុល្លារនេះ គឺទទួលបានពីមនុស្សម្នាក់ នៅក្នុងខែវិច្ឆកា ឆ្នាំ២០២៥ ខណៈរូបគេក៏បានផ្តល់ជាសាច់ប្រាក់សុទ្ធចំនួន ៣ ៣០០ដុល្លារ សម្រាប់ការជួសជុលប្រព័ន្ធផ្គត់ផ្គង់ទឹករបស់ក្រុង ផងដែរ។
ទន្ទឹមនឹងនេះ លោក Hideyuki Yokoyama អភិបាលក្រុងអូសាកា បាននិយាយថា ៖” ខ្ញូំពិតជាភ្ញាក់ផ្អើលណាស់ ព្រោះវាជាចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់”។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកសង្កត់ធ្ងន់ទៀតថា អ្នកបរិច្ចាគរូបនេះ បានសុំមិនបញ្ចេញអត្តសញ្ញាណរបស់ខ្លួនឡើយ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ការងារជួសជុលប្រព័ន្ធទឹកនៅទីក្រុងអូសាកា ដែលជាទីក្រុងដែលមានប្រជាជនរស់នៅចំនួន ២,៨ លាននាក់ បានជួបប្រទះនឹងបញ្ហា ខណៈពេលដែលការចំណាយជាក់ស្តែងលើសពីថវិកាដែលបានគ្រោងទុក៕

