យោងតាមការសិក្សាថ្មីមួយបានរកឃើញថា អ្នកដំណើរមកពីប្រទេសចិន កំពុងចំណាយច្រើនជាងគេ នៅតាមអាកាសយានដ្ឋាននានា ក្នុងទ្វីបអាស៊ី បើធៀបទៅនឹងអ្នកដំណើរផ្សេងទៀតនៅក្នុងតំបន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមការសិក្សាមួយដែលបានចេញផ្សាយកាលពីដើមខែនេះ ដោយក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា និងតំណាងឲ្យអាកាសយានដ្ឋានជាង ៦០០ កន្លែងនៅក្នុងប្រទេស និងដែនដីចំនួន ៤៤ បានបង្ហាញថា អ្នកដំណើរចិនមានការចំណាយខ្ពស់បំផុត ក្នុងចំណោមអ្នកដំណើរសញ្ជាតិផ្សេងទៀត សម្រាប់រយៈពេលក្រោយជំងឺកូរីដ-១៩។
មិនតែប៉ុណ្ណោះ បើតាមលោក Stefano Baronci អគ្គនាយកក្រុមប្រឹក្សានេះ បានបង្ហាញឲ្យដឹងទៀតថា បង្អែមគឺជាការទិញដ៏ពេញនិយមក្នុងចំណោមអ្នកធ្វើដំណើរចិន ដែលភាគច្រើនបានទិញវាជាអំណោយសម្រាប់អ្នកផ្ទះ។
លោក Stefano បានមានប្រសាសន៍ទៀតថា អ្នកធ្វើដំណើរចិនប្រហែល ២៧% បានលើកឡើងពីបង្អែមថាជាប្រភេទទំនិញដែលពួកគេពេញចិត្ត បើធៀបនឹង ផលិតផលក្នុងស្រុក មាន ១៧% និងទំនិញប្រណីតមាន ១២%។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមប្រឹក្សាបានកត់សម្គាល់ទៀតថា អ្នកដំណើរចិនកំពុងផ្លាស់ប្តូរការចំណាយរបស់ពួកគេទៅកាន់អាកាសយានដ្ឋានក្នុងស្រុកជំនួសវិញ បន្ទាប់ពីត្រូវបានគាំទ្រដោយគោលនយោបាយទំនិញមិនជាប់ពន្ធរបស់រដ្ឋាភិបាល៕

