ក្រុមហ៊ុន Trump Organization របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីសាងសង់អាគារខ្ពស់កប់ពពកដំបូងរបស់ខ្លួននៅក្នុងប្រទេសអូស្ត្រាលី ក្នុងគម្រោងមួយដែលមានតម្លៃសរុបប្រមាណ ១,៥ពាន់លានដុល្លារអូស្រ្តាលី (១,០៦ពាន់លានដុល្លារ)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

គម្រោងអគារកប់ពពកកម្ពស់ ៩១ ជាន់នេះ នឹងត្រូវសាងសង់ឡើងនៅតំបន់ឆ្នេរដ៏ពេញនិយម Gold Coast ក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលី ខណៈពេលដែលក្រុមហ៊ុនអភិវឌ្ឍនិយាយថា វានឹងក្លាយជាអគារខ្ពស់ជាងគេបំផុតរបស់ប្រទេសផងដែរ។
យ៉ាងណាមិញ បើតាមលោក David Young នាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យក្នុងស្រុក Altus Property Group បាននិយាយថា គម្រោងអភិវឌ្ឍនេះមានរយៈពេលជិត ២០ឆ្នាំមកហើយ ប៉ុន្តែកិច្ចព្រមព្រៀងចុងក្រោយ ទើបតែត្រូវបានចុះហត្ថលេខា នៅរីសត Mar-a-Lago កាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅនេះ។
ជម្រាបជូនផងដែរថា បច្ចុប្បន្នក្រុមហ៊ុន Trump Organization កំពុងស្ថិតនៅក្នុងដំណើរការនៃការរចនា វិស្វកម្ម សាងសង់ និងការងារដំឡើងផ្សេងៗ ដោយអគារនេះនឹងត្រូវបានគ្រប់គ្រងការសាងសង់ទាំងស្រុងដោយក្រុមហ៊ុនរបស់អូស្ត្រាលីផ្ទាល់៕

