ក្រុមហ៊ុន CK Group ដែលគ្រប់គ្រងដោយមហាសេដ្ឋីមានដាច់គេទី២ របស់ហុងកុង លោក Li Ka-shing បានយល់ព្រមលក់ក្រុមហ៊ុនបណ្តាញចែកចាយថាមពលធំជាងគេរបស់ចក្រភពអង់គ្លេស ចំពេលមានការរៀបចំរចនាសម្ព័ន្ធឡើងវិញយ៉ាងទូលំទូលាយនៃអាណាចក្រអាជីវកម្មរបស់អ្នកជំនួញរូបនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន South China Morning Post។

យោងតាមឯកសារដែលបានដាក់ជូនទៅកាន់ទីផ្សារហ៊ុនហុងកុង ក្រុមហ៊ុន CK Infrastructure Group បាននិយាយថា ខ្លួនរំពឹងថានឹងលក់ក្រុមហ៊ុន U.K. Power Networks ទៅឱ្យក្រុមហ៊ុន Engie របស់បារាំង ក្នុងតម្លៃសរុប ១០,៥ពាន់លានផោន (១៤,២ពាន់លានដុល្លារ)។
ប្រតិបត្តិការលក់ដែលត្រូវបានគេរំពឹងថានឹងបិទបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៦ នេះ គឺជាផ្នែកមួយនៃការផ្លាស់ប្តូរដ៏ទូលំទូលាយនៃផលប័ត្ររបស់ក្រុមហ៊ុន រួមទាំងការលក់ទ្រព្យសម្បត្តិ នៅក្នុងការផ្លាស់ប្តូរមួយនៃអាណាចក្រអាជីវកម្មដែលបង្កើតឡើងដោយលោក Li Ka-shing។
ជម្រាបជូនថា លោក Li Ka-shing វ័យ ៩៧ឆ្នាំ បច្ចុប្បន្នគឺជាបុគ្គលមានបំផុតទីពីរនៅហុងកុង ដែលមានទ្រព្យសម្បត្តិសរុបចំនួន ៤៦,៦ពាន់លានដុល្លារ តាមពីក្រោយមហាសេដ្ឋីអាជីវកម្មថ្ម Robin Zeng ដែលមានទ្រព្យសម្បត្តិចំនួន ៥៣,៦ពាន់លានដុល្លារ៕

