អ្នកជំនាញ Kent Smetters កាលពីថ្មីៗនេះបានប៉ាន់ប្រមាណថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកអាចរងការខាតបង់រហូតដល់ ២១០ពាន់លានដុល្លារ នៅក្នុងយុទ្ធនាការដ៏យូរអង្វែងមួយ ដើម្បីវាយប្រហារលើប្រទេសអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fortune។

លោក Kent Smetters នាយកក្រុមហ៊ុន Penn Wharton Budget Modeling (PWBM) ដែលជាអ្នកវិភាគហិរញ្ញវត្ថុឈានមុខមួយរបស់អាមេរិក បានអះអាងថា ការចំណាយដែលសហរដ្ឋអាមេរិកបានចាយលើបេសកកម្ម Epic Fury ដែលជាប្រតិបត្តិការយោធាទ្រង់ទ្រាយធំសហការជាមួយអ៊ីស្រាអែលដើម្បីវាយប្រហារអ៊ីរ៉ង់ គឺមានចំនួនច្រើន។
យោងតាមលោក ការចំណាយលើយោធានៃប្រតិបត្តិការ Epic Fury នេះ អាចមានតម្លៃចាប់ពី ៤០ពាន់លានដុល្លារ ដល់ ៩៥ពាន់លានដុល្លារ អាស្រ័យលើទំហំ និងរយៈពេលនៃការវាយប្រហារ។ ចំនួនទឹកប្រាក់នេះរួមបញ្ចូលទាំងការចំណាយលើប្រតិបត្តិការយោធាដោយផ្ទាល់ និងការប្រើប្រាស់អាវុធ និងឧបករណ៍យោធាផ្សេងទៀត។
មិនតែប៉ុណ្ណោះ បន្ថែមពីលើការចំណាយលើយោធាដោយផ្ទាល់ លោក Smetters ព្យាករទៀតថាសេដ្ឋកិច្ចសហរដ្ឋអាមេរិកនឹងទទួលរងការខាតបង់បន្ថែមចំនួន ១១៥ពាន់លានដុល្លារ ឬអាចឈានដល់ ២១០ពាន់លានដុល្លារ អាស្រ័យលើស្ថានភាពជាក់ស្តែង និងរយៈពេលអូសបន្លាយនៃជម្លោះដ៏ធំនេះ។
លោក Smetters បានកត់សម្គាល់ថា ហានិភ័យនៃការចំណាយដែលកើនឡើងដល់កម្រិតខ្ពស់បំផុតនេះ គឺបណ្តាលមកពីការខូចខាត ដែលកើតចេញពីពាណិជ្ជកម្មដែលរងផលរំខាន តម្លៃថាមពលប្រែប្រួល និងទីផ្សារហិរញ្ញវត្ថុមិនស្ថិតស្ថេរ ហើយផលវិបាកធំៗជាច្រើនគឺតែងតែកើតឡើង នៅពេលដែលមជ្ឈិមបូព៌ាជួបប្រទះជម្លោះយូរអង្វែង៕

