ប្រធានាធិបតីអាមេរិក លោក ដុណាល់ ត្រាំ ថ្មីៗនេះបានគំរាមដាក់ទណ្ឌកម្មពាណិជ្ជកម្មលើប្រទេសអេស្ប៉ាញ បន្ទាប់ពីប្រទេសនេះបានបដិសេធមិនអនុញ្ញាតឲ្យយោធាអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនដើម្បីវាយប្រហារអ៊ីរ៉ង់ឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ បាននិយាយប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលជួបជាមួយអធិការបតីអាល្លឺម៉ង់ Friedrich Merz នៅថ្ងៃទី៣ ខែមីនាថា៖ “ប្រទេសអេស្ប៉ាញគឺអាក្រក់ណាស់។ យើងនឹងកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយអេស្ប៉ាញ។ យើងមិនចង់មានអ្វីពាក់ព័ន្ធនឹងពួកគេទៀតទេ”។
ជុំវិញការប្រកាសនេះ បានកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានផ្លាស់ប្តូរយន្តហោះចំនួន ១៥ គ្រឿងពីមូលដ្ឋានយោធា Rota និង Moron នៅភាគខាងត្បូងប្រទេសអេស្ប៉ាញ បន្ទាប់ពីរដ្ឋាភិបាលអេស្ប៉ាញបានប្រកាសថា ខ្លួននឹងមិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទាំងនោះដើម្បីវាយប្រហារអ៊ីរ៉ង់ឡើយ។
ជម្រាបជូនថា នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ យោធាសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយលុកប្រឆាំងនឹងអ៊ីរ៉ង់ ដោយកំណត់គោលដៅលើមូលដ្ឋានការពារជាតិ និងចារកម្ម ក៏ដូចជាមន្ត្រីជាន់ខ្ពស់ និងឧត្តមសេនីយ៍មួយចំនួន។ សហរដ្ឋអាមេរិកបានអះអាងថា មេដឹកនាំយោធា និងមេបញ្ជាការអ៊ីរ៉ង់ជាច្រើននាក់ត្រូវបានសម្លាប់ រួមទាំងមេដឹកនាំកំពូល អាលី ខាមេនី (Ali Khamenei) ផងដែរ៕

