មហាយក្សចិន ដាក់សម្ពាធលើអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz សម្រាប់លំហូរនាំចេញប្រេង និងឧស្ម័ន

អន្តរជាតិ

ប្រទេសចិន កំពុងដាក់សម្ពាធលើមន្ត្រីអ៊ីរ៉ង់ឲ្យបើកសមុទ្រ Hormuz ដើម្បីអនុញ្ញាតឲ្យមានការឆ្លងកាត់នៃទំនិញប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) និងមិនវាយប្រហារលើនាវាដឹកប្រេងដែលដឹកជញ្ជូនសម្រាប់បម្រើដល់ការផ្គត់ផ្គង់ថាមពលនៅច្រកសមុទ្រដ៏សំខាន់នោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសចិន ពឹងផ្នែកទៅលើប្រេង និងឧស្ម័ន LNG របស់ប្រទេសមជ្ឈិមបូព៌ាសម្រាប់មួយផ្នែកធំនៃការនាំចូលថាមពលសរុបដ៏ធំរបស់ខ្លួន។ ប៉ុន្តែទន្ទឹមនឹងនោះ អ៊ីរ៉ង់ក៏បានពឹងផ្នែកយ៉ាងខ្លាំងទៅលើក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិនផងដែរ ដោយក្នុងនោះមានរហូតដល់ប្រមាណ ៨០%។ ហើយការផ្គត់ផ្គង់ទាំងអស់នេះ គឺត្រូវឆ្លងកាត់តាមច្រកសមុទ្រ Hormuz នៅតាមផ្លូវទៅកាន់ប្រទេសចិន ពីកំពង់ផែនានាក្នុងប្រទេសតំបន់ឈូងសមុទ្រ។

យ៉ាងណាមិញ អ៊ីរ៉ង់កាលពីថ្ងៃចន្ទ បានប្រកាសថា ច្រកសមុទ្រ Hormuz នេះ ត្រូវបានបិទ ដោយលោក Ebrahim Jabbari ទីប្រឹក្សាជាន់ខ្ពស់របស់អគ្គមេបញ្ជាការនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ថែមទាំងបានគំរាមទៀតថា អ៊ីរ៉ង់នឹងវាយប្រហារ និងដុតបំផ្លាញកប៉ាល់ណាមួយដែលព្យាយាមឆ្លងកាត់។

ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ថា ចិនជឿជាក់ថា ក្រោមស្ថានភាពធ្ងន់ធ្ងរ និងស្មុគស្មាញបច្ចុប្បន្ន អ៊ីរ៉ង់អាចរក្សាស្ថិរភាពសង្គម និងយកចិត្តទុកដាក់ចំពោះការព្រួយបារម្ភសមហេតុផលរបស់ប្រទេសជិតខាងរបស់ខ្លួន។

មិនតែប៉ុណ្ណោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Mao Ning ក៏បាននិយាយផងដែរថា ប្រទេសចិនជំរុញឲ្យភាគីពាក់ព័ន្ធបញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់ ដើម្បីចៀសវាងការកើនឡើងបន្ថែមទៀតនៃស្ថានភាពតានតឹង និងការពារភាពចលាចលក្នុងតំបន់ពីការបង្កការខូចខាតកាន់តែធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចពិភពលោក៕​