ប្រទេសចិន កាលពីពេលថ្មីៗនេះ បានកំណត់គោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនចន្លោះពី ៤,៥%-៥% សម្រាប់ឆ្នាំ២០២៦ នេះ ពោលគឺទាបជាងឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Xinhua ។

នៅក្នុងរបាយការណ៍ការងាររបស់រដ្ឋាភិបាលដែលបានបង្ហាញនៅក្នុងសម័យប្រជុំបើកនៃសមាជប្រជាជនជាតិ នៅថ្ងៃទី៥ ខែមីនា មន្ត្រីចិន បានកំណត់គោលដៅកំណើនសេដ្ឋកិច្ចពី ៤,៥%-៥% នៅឆ្នាំនេះ។ អត្រានេះគឺទាបជាងគោលដៅឆ្នាំ២០២៥ បន្តិច ហើយក៏ជាកម្រិតទាបបំផុត គិតចាប់តាំងពីដើមទសវត្សឆ្នាំ១៩៩០ មក។
យ៉ាងណាមិញ ចំពោះគោលដៅអតិផរណានៅតែមានកម្រិតប្រហែល ២% ខណៈអត្រាគ្មានការងារធ្វើនៅក្នុងទីក្រុងត្រូវបានគេរំពឹងថានឹងធ្លាក់មកនៅត្រឹម ៥,៥% នៅឆ្នាំនេះ។ ប្រទេសចិន ក៏មានគោលបំណងសម្រាប់ឱនភាពថវិកាប្រហែល ៤% នៃផលិតផលក្នុងស្រុកសរុប ស្រដៀងគ្នាទៅនឹងឆ្នាំ២០២៥ ផងដែរ។
ជម្រាបជូនថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក បានសន្យាថានឹងដំឡើងប្រាក់សោធននិវត្តន៍អប្បបរមាប្រចាំខែចំនួន ២០ យ៉ន់ក្នុងម្នាក់ៗ និង ២៤យ៉ន់សម្រាប់ការឧបត្ថម្ភធនធានារ៉ាប់រងសុខភាពជាមូលដ្ឋានសម្រាប់អ្នកអត់ការងារធ្វើនៅជនបទ។ ចិនក៏បាននិយាយផងដែរថា ខ្លួនចង់បង្កើនការចំណាយលើការអប់រំ ការឧបត្ថម្ភធនថែទាំកុមារ និងការកែទម្រង់ប្រព័ន្ធមន្ទីរពេទ្យសាធារណៈរបស់ខ្លួន៕

