យោងតាមវិទ្យាស្ថានស្រាវជ្រាវរបស់សហរដ្ឋអាមេរិក បានប៉ាន់ប្រមាណថាប្រទេសនេះបានចំណាយទឹកប្រាក់ ៣,៧ពាន់លានដុល្លារក្នុងរយៈពេលបួនថ្ងៃដំបូងនៃយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ ដែលស្មើនឹងប្រហែល ៨៩១លានដុល្លារក្នុងមួយថ្ងៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញផ្សាយការវិភាគមួយ នៅថ្ងៃទី៥ ខែមីនា ដែលបង្ហាញថាទីក្រុងវ៉ាស៊ីនតោនបានចំណាយទឹកប្រាក់អស់ប្រហែល ៣,៧ពាន់លានដុល្លារក្នុងរយៈពេល ១០០ម៉ោងដំបូងនៃការវាយប្រហាររបស់ខ្លួនលើអ៊ីរ៉ង់ ដែលស្មើនឹង ៨៩១លានដុល្លារក្នុងមួយថ្ងៃ។ រយៈពេលនេះត្រូវបានចាត់ទុកថាជាដំណាក់កាលដែលមានការវាយប្រហារតាមផ្លូវអាកាសកម្រិតខ្ពស់បំផុត។
ក្នុងចំណោមចំនួនទឹកប្រាក់នេះ ការចំណាយលើប្រតិបត្តិការរបស់កងកម្លាំងយោធាអាមេរិក មានចំនួនសរុបប្រហែល ១៩៦លានដុល្លារ ដែលផ្នែកសំខាន់មួយត្រូវបានរួមបញ្ចូលនៅក្នុងថវិកាការពារជាតិឆ្នាំសារពើពន្ធ ២០២៦។ ការចំណាយលើគ្រាប់រំសេវបន្ថែមមានចំនួនប្រហែល ៣,១ពាន់លានដុល្លារ ខណៈពេលដែលការខូចខាតឧបករណ៍ និងការជួសជុលហេដ្ឋារចនាសម្ព័ន្ធត្រូវបានប៉ាន់ប្រមាណថាមានប្រហែល ៣៥០លានដុល្លារ ដែលភាគច្រើនមិនត្រូវបានរួមបញ្ចូលនៅក្នុងថវិកាជាតិនោះនោះឡើយ។
ជម្រាបជូនផងដែរថា សហរដ្ឋអាមរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែមីនា ដោយកំណត់គោលដៅលើមូលដ្ឋានការពារជាតិ និងចារកម្ម ក៏ដូចជាមន្ត្រីជាន់ខ្ពស់ និងឧត្តមសេនីយ៍មួយចំនួន។ សហរដ្ឋអាមេរិកបានអះអាងថា មេដឹកនាំយោធា និងមេបញ្ជាការអ៊ីរ៉ង់ជាច្រើនត្រូវបានសម្លាប់ រួមទាំងមេដឹកនាំកំពូល អាលី ខាមេនី (Ali Khamenei) ផងដែរ៕

