អតីតប្រធានពាណិជ្ជកម្មអាមេរិក លាលែងពីតំណែងក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Trump Media

អន្តរជាតិ

អតីតប្រធានពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Robert Lighthizer បានប្រកាសលាលែងចេញពីតំណែងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបណ្តាញសង្គម Trump Media & Technology Group (TMTG) របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមឯកសារផ្លូវការមួយ បាននិយាយថា ការចាកចេញរបស់លោក Lighthizer ពីក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការរបស់ក្រុមហ៊ុន Trump Media នេះ មិនមែនដោយសារតែការមិនចុះសម្រុងគ្នាជាមួយក្រុមគ្រប់គ្រង ឬក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផ្សេងទៀតនោះទេ។

គួរឲ្យដឹងថា ក្រុមហ៊ុន TMTG ដែលបង្កើតឡើងដោយលោក ត្រាំ និងត្រូវបានគេស្គាល់យ៉ាងទូលំទូលាយដោយសារវេទិកាបណ្តាញសង្គម Truth Social ដែលមានគោលបំណងផ្តោតលើអ្នកតាមដានអភិរក្សនិយមនោះ បានតស៊ូដើម្បីពង្រីកអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនក្នុងចំណោមការប្រកួតប្រជែងពីបណ្តាញសង្គមធំៗ និងកំណើនអ្នកប្រើប្រាស់មិនស្មើគ្នា។

ជម្រាបជូនថា ក្នុងអំឡុងពេលអាណត្តិដំបូងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លោក Lighthizer បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាប្រធានពាណិជ្ជកម្ម ជុំវិញការដាក់ពន្ធគយយ៉ាងច្រើនលើការនាំចូលរបស់ចិន និងការចរចាឡើងវិញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង ឬ NAFTA ជាមួយម៉ិកស៊ិក និងកាណាដា ជាដើម៕​