ត្រឹម ២ខែដំបូង វៀតណាម នាំចេញអង្ករជាង ១,៣ លានតោន កើនឡើង ៥%

អន្តរជាតិ

ប្រទេសវៀតណាម បាននាំចេញអង្ករបានប្រមាណ ១,៣ លានតោន ក្នុងរយៈពេលត្រឹម ២ខែដំបូងនៃឆ្នាំ២០២៦ នេះ ពោលគឺបានកើនឡើង ៥% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រសួងកសិកម្ម និងបរិស្ថាន បានបង្ហាញឲ្យដឹងថា ការដឹកជញ្ជូននេះ មានតម្លៃសរុបប្រមាណ ៥៩៩,៣លានដុល្លារ ដែលជាការធ្លាក់ចុះ ១១,២% បើធៀបទៅនឹងតម្លៃទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

គួរឲ្យដឹងថា ចំពោះតម្លៃនាំចេញជាមធ្យមក្នុងអំឡុងពេលនេះត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៤៦៤,១ដុល្លារក្នុងមួយតោន ពោលគឺធ្លាក់ចុះ ១៥,៤% ពីឆ្នាំមុន។

ប្រទេសហ្វីលីពីននៅតែជាទីផ្សារកំពូល ដោយមានចំណែក ៤៧,៦% នៃការនាំចេញអង្ករសរុបអំឡុងពេលនេះ។ បន្ទាប់មកគឺប្រទេសចិន និងហ្គាណា ដែលមានចំណែក ១៨,៣% និង ៨,៩% រៀងៗគ្នា។

ជម្រាបជូនថា ការនាំចេញទៅកាន់ប្រទេសហ្វីលីពីនបានកើនឡើង ១៧,៦% ក្នុងរយៈពេលពីរខែដំបូង ខណៈពេលដែលការដឹកជញ្ជូនទៅកាន់ប្រទេសចិន បានកើនឡើង ៥,៨ដង។ ផ្ទុយទៅវិញ ការនាំចេញទៅកាន់ប្រទេសហ្គាណា បានធ្លាក់ចុះរហូតដល់ ៣១%៕​