រដ្ឋមន្ត្រីក្រសួងថាមពល លោក Chris Wright បាននិយាយកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិក កំពុងពិចារណាសម្របសម្រួលលើការលក់ប្រេងពីទុនបម្រុងយុទ្ធសាស្ត្ររបស់ខ្លួន ខណៈពេលដែលតម្លៃប្រេងកំពុងហក់ឡើងខ្ពស់ ក្នុងអំឡុងពេលមានសង្គ្រាមលើអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Wright បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាន នៅឯរោងចក្រឧស្ម័នធម្មជាតិ ក្នុងរដ្ឋ Colorado ថា៖” យើងកំពុងនិយាយអំពីការបញ្ចេញប្រេងពីឃ្លាំងស្តុកទុកប្រេងយុទ្ធសាស្រ្តរបស់យើង។ ឃ្លាំងស្តុកទុកប្រេងយុទ្ធសាស្រ្តដែលមានទីតាំងនៅរដ្ឋ Texas និង Louisiana មានប្រេងសរុបចំនួន ៤១៥ លានបារ៉ែល ពោលគឺច្រើនជាងអ្វីដែលពិភពលោកកំពុងប្រើប្រាស់បានក្នុងរយៈពេល ៤ថ្ងៃ”។
យ៉ាងណាមិញ ទីភ្នាក់ងារថាមពលអន្តរជាតិ ដែលជាអង្គការឃ្លាំមើលថាមពលរបស់ប្រទេសលោកខាងលិច កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យមានការបញ្ចេញប្រេងបម្រុងទុកប្រកបដោយការសម្របសម្រួល ស្របពេលក្រុមប្រទេសអ្នកមាន G7 ក៏បានយល់ព្រមតាមដានយ៉ាងដិតដល់នូវការវិវត្តនៅក្នុងទីផ្សារថាមពលបច្ចុប្បន្ននេះផងដែរ ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ចេញប្រេងបម្រុងរបស់ខ្លួនដូចគ្នា។
ដោយឡែក បើតាមលោក Wright បានបង្ហាញឲ្យដឹងទៀតថា សហដ្ឋអាមេរិក ក៏នៅមានជម្រើសផ្សងទៀតផងដែរ ដូចជាការអនុញ្ញាតឲ្យមានការលក់ប្រេងរុស្ស៊ីកាន់តែច្រើនដែលរក្សាទុកនៅក្នុងវានាដឹកប្រេងនៅក្នុងដែនទឹកអាស៊ី។ ជាឧទាហរណ៍ កាលពីចុងសប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោន បានដកចេញទណ្ឌកម្ម ៣០ថ្ងៃ ដែលអនុញ្ញាតឱ្យមានការលក់ប្រេងឆៅរបស់រុស្ស៊ីដែលជាប់គាំងនៅសមុទ្រ ទៅឲ្យប្រទេសឥណ្ឌា៕

