Boeing ចុះហត្ថលេខាលក់គ្រាប់បែកឆ្លាតវៃតម្លៃជិត ៣០០លានដុល្លារ ទៅឲ្យអ៊ីស្រាអ៊ែល

អន្តរជាតិ

ក្រុមហ៊ុនខ្នាតយក្សអាមេរិក Boeing បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីមួយដែលមានតម្លៃ ២៨៩លានដុល្លារ ជាមួយអ៊ីស្រាអ៊ែល ដើម្បីផ្គត់ផ្គង់គ្រាប់បែកឆ្លាតវៃទម្លាក់ពីលើអាកាសចំនួន ៥ ០០០ គ្រាប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាក៏ដោយយោងតាមប្រភពដដែល បានបង្ហាញឲ្យដឹងថាកិច្ចសន្យាថ្មីនេះ មិនទាក់ទងនឹងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ទេ ដោយសារការដឹកជញ្ជូនត្រូវបានគ្រោងទុកសម្រាប់រយៈពេល ៣៦ខែទៀតឯណោះ។

គួរឲ្យដឹងថា កាលពីឆ្នាំមុន ក្រុមហ៊ុន Boeing ទទួលបានកិច្ចសន្យាចំនួន ៨,៦ពាន់លានដុល្លារពីមន្ទីរបញ្ចកោណ ដើម្បីផលិត និងដឹកជញ្ជូនយន្តហោះចម្បាំង F-15 ទៅកាន់អ៊ីស្រាអែល ដែលជាផ្នែកមួយនៃការលក់អាវុធបរទេសរវាងរដ្ឋាភិបាលនានា។

ទន្ទឹមនឹងនេះ​ Reuters បានចុះផ្សាយកាលពីសប្តាហ៍មុនថា រដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានរំលងសភាអាមេរិក ដោយប្រើប្រាស់សិទ្ធិអំណាចបន្ទាន់ ដើម្បីពន្លឿនការលក់គ្រាប់បែកជាង ២០ ០០០ គ្រាប់ទៅឱ្យអ៊ីស្រាអែល ដែលមានតម្លៃប្រហែល ៦៥០ លានដុល្លារ។

ជម្រាបជូនថា សហរដ្ឋអាមេរិក ត្រូវបានគេដឹងជាយូរមកហើយថាជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេដល់សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួន នៅក្នុងតំបន់មជ្ឈិមបូព៌ា៕​