ធុងស្តុកទុកប្រេងជាច្រើនរបស់បារ៉ែន រងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់

អន្តរជាតិ

រដ្ឋាភិបាលរបស់ប្រទេសបារ៉ែន បាននិយាយថា ធុងស្តុកទុកប្រេងជាច្រើន នៅកន្លែងស្តុកទុកដ៏ធំមួយស្ថិតនៅភាគខាងជើងនៃប្រទេស ត្រូវបានរងការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN នៅរសៀលថ្ងៃទី១២ ខែមីនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងមហាផ្ទៃបារ៉ែន បានប្រកាសថាកន្លែងស្តុកទុកប្រេងដ៏ធំមួយនៅក្នុងខេត្ត Muharraq នៅភាគខាងជើងនៃប្រទេស ត្រូវបានវាយប្រហារដោយមីស៊ីលជាបន្តបន្ទាប់ដែលបាញ់ចេញពីប្រទេសអ៊ីរ៉ង់។ រដ្ឋាភិបាលបារ៉ែន បានចេញមុខចោទប្រកាន់ទីក្រុងតេអេរ៉ង់ចំៗថា ជាការឈ្លានពានដោយចំហ។

ទន្ទឹមនឹងនេះ លោក Farhan Al-Fartousi ប្រធានសាជីវកម្មកំពង់ផែអ៊ីរ៉ាក់ បាននិយាយនៅថ្ងៃដដែលនោះថា កំពង់ផែប្រេងរបស់ប្រទេសខ្លួន បានបញ្ឈប់ប្រតិបត្តិការទាំងស្រុងភ្លាមៗ បន្ទាប់ពីមានការវាយប្រហារលើនាវាដឹកប្រេងឥន្ធនៈ។ ទោះជាយ៉ាងណាក៏ដោយ កំពង់ផែពាណិជ្ជកម្មរបស់ប្រទេសនៅតែបន្តដំណើរការធម្មតា។

ជម្រាបជូនផងដែរថា ជម្លោះនៅមជ្ឈិមបូព៌ាកាន់តែរីករាលដាលធំឡើង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ។ អ៊ីរ៉ង់ បានបើកការសងសឹកទៅវិញដោយការបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកទៅលើមូលដ្ឋានអ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅក្នុងប្រទេសជាច្រើនក្នុងតំបន់ជម្លោះ៕​