(ព្យុងយ៉ាង)៖ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកជាង១០គ្រាប់ នៅសមុទ្រជប៉ុន នៅថ្ងៃទី១៤មីនានេះ ដើម្បីព្រមានរដ្ឋាភិបាលក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ដែលហ៊ានធ្វើសមយុទ្ធយោធារួមគ្នា។

ការបាញ់សាកល្បងមីស៊ីលរបស់របបក្រុងព្យុងយ៉ាង ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានធ្វើដំណើរទៅដល់សហរដ្ឋអាម៉េរិក។
បើផ្អែកតាមក្រសួងការពារជាតិកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកចំនួនប្រមាណ ១០គ្រាប់ នៅម៉ោង ១និង២០នាទី រសៀល ចេញពីទីក្រុងស៊ូណាន ដែលស្ថិតនៅភាគពាយ័ព្យនៃទីក្រុងព្យុងយ៉ាង។ សេនាធិការដ្ឋានកងទ័ពកូរ៉េខាងត្បូងបានបញ្ជាក់ថា មីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើងហោះចម្ងាយប្រមាណ ៣៥០គីឡូម៉ែត សំដៅទៅសមុទ្រជប៉ុន។
បច្ចុប្បន្ន រដ្ឋាភិបាលក្រុងសេអ៊ូល និងវ៉ាស៊ីនតោន កំពុងស៊ើបអង្កេតពាក់ព័ន្ធនឹងមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង។ ប្រភពដដែលបានឲ្យទៀតថា កងទ័ពកូរ៉េខាងត្បូងបានត្រៀមខ្លួនរួចរាល់ ដើម្បីវាយបកវិញ ប្រសិនបើមានការគំរាមកំហែងណាមួយ។
ជាមួយគ្នានេះ ការបាញ់មីស៊ីលរបស់របបក្រុងព្យុងយ៉ាង ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Kim Min-seok បានធ្វើដំណើរទៅដល់ក្រុងវ៉ាស៊ីនតោន ដើម្បីជួបប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ។
ដោយឡែក ជប៉ុនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបាញ់សាកល្បងមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង ដែលបានបង្កផលប៉ះពាល់ដល់ស្ថិរភាព នៅក្នុងតំបន់។ បើយោងតាមរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Shinjirō Koizumi រដ្ឋាភិបាលក្រុងតូក្យូកំពុងតែដុតដៃដុតជើងប្រមូលព័ត៌មាន ពាក់ព័ន្ធនឹងបញ្ហានេះ និងត្រៀមខ្លួនទប់ទល់រាល់ការគំរាមកំហែងរបស់របបព្យុងយ៉ាងផងដែរ។
គួរជ្រាបថា កាលពីថ្ងៃទី១០មីនា កន្លងទៅ ប្អូនស្រីដ៏មានឥទ្ធិពលរបស់ប្រមុខដឹកនាំកូរ៉េខាងជើង លោកស្រី គីម យ៉ូជុង បានព្រមានកូរ៉េខាងត្បូង និងអាម៉េរិក កុំឲ្យធ្វើសមយុទ្ធយោធា ដែលចាប់ផ្តើម ពីថ្ងៃទី៩ ដល់ថ្ងៃ១៩ មីនា អំឡុងពេលដែលសង្រ្គាមកំពុងរីករាលដាល នៅមជ្ឈិមបូព៌ា។ លោកស្រី គីម យ៉ូជុង បានសង្កត់ធ្ងន់ថា សមយុទ្ធយោធារបស់ប្រទេសទាំងពីរបានបង្កអស្ថរិភាព នៅក្នុងតំបន់ ព្រមទាំងបានគំរាមកំហែង ដល់បូរណភាពទឹកដីរបស់កូរ៉េខាងជើង។ ប្អូនស្រីលោក គីម ជុងអ៊ុន បានព្រមានកូរ៉េខាងត្បូង និងអាម៉េរិកថា ការអត់ធ្មត់របស់ព្យុងយ៉ាងមានដែនកំណត់ ហើយកុំចង់សាកនឹងសមត្ថភាពយោធារបស់កូរ៉េខាងជើង ឲ្យសោះ។ ការគំរាមកំហែងណាមួយដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កូរ៉េខាងជើង នឹងរងវិនាសកម្មធ្ងន់ធ្ងរ ដែលមិនធ្លាប់មានពីមុនមក៕





