ក្រុមហ៊ុនអលង្ការ Chow Tai Fook Jewelry Group ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានដាក់បង្ហាញផលិតផលថ្មី ដែលជាសំបកការពារកាស AirPods ធ្វើឡើងពីមាសសុទ្ធតុបតែងដោយគ្រាប់ពេជ្រ មានតម្លៃរហូតដល់ទៅ ៧៨៨ ៨០០យ៉ន់ (១១៥ ០០០ដុល្លារ) សម្រាប់លក់ឲ្យអ្នកមានៗ នៅក្នុងប្រទេសចិន។

យោងតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុក South China Morning Post បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនលក់គ្រឿងអលង្ការដ៏ធំមួយនេះ បានបង្ហាញផលិតផលថ្មីរបស់ខ្លួន នៅលើគណនី Weibo ផ្លូវការ កាលពីសប្តាហ៍មុន។
យ៉ាងណាមិញ ចំពោះសំបកការពារកាស AirPods ដែលផលិតពីមាសទម្ងន់ប្រហែល ៣៥០ ក្រាមនេះ ត្រូវបានផលិតឡើងដោយមានចំនួនកំណត់ប៉ុណ្ណោះ ហើយត្រូវបានដាក់លក់ជាលើកដំបូងនៅក្នុងខែកុម្ភៈ ក្នុងហាងមួយកន្លែងរបស់ក្រុមហ៊ុន ស្ថិតនៅទីក្រុងសៀងហៃ។
បើតាមក្រុមហ៊ុន Chow Tai Fook បាននិយាយថា ខ្លួនក៏ទទួលយកការបញ្ជាទិញតាមតម្រូវការសម្រាប់ផលិតផលនេះផងដែរ ដោយតម្លៃត្រូវបានភ្ជាប់ទៅនឹងអត្រាមាសបច្ចុប្បន្ន ខណៈការផលិតជាធម្មតាចំណាយពេលពីរ ទៅបីខែ។
ទន្ទឹមនឹងនេះ លោកស្រី Annie Wong ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន Chow Tai Fook Jewelry បាននិយាយផងដែរថា ការបង្កើតរបស់ប្លែកៗដូចជាសំបកខេស AirPods ធ្វើពីមាស អាចទាក់ទាញអ្នកទិញជនជាតិចិនដែលមានទ្រព្យសម្បត្តិច្រើន សម្រាប់ការប្រើប្រាស់បានផង និងជាវត្ថុប្រណីតដែលអាចសន្សំទុកបានផង៕

